(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញភាពជឿជាក់ថា បេសកកម្មយានរុករកឆ្នាំ២០២០ សម្រាប់ឆ្ពោះទៅកាន់ភពអង្គារ (Mars) នឹងសម្រេចបានសមិទ្ធផលច្រើន ក្នុងការងារស្វែងរកស្លាកស្នាមនៃទម្រង់ជីវិត ដែលអាចកើតមាននៅទីនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។
យានរុករក Mars 2020 ត្រូវបានកំណត់ថា នឹងចេញដំណើរនៅកំឡុងរដូវក្តៅឆ្នាំ២០២០ ហើយចុះទៅដល់ផ្ទៃភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់រណ្តៅអាចម៍ផ្កាយ ចេហ្សេរ៉ូ (Jezero) ដែលមានអង្កត់ផ្ចិតប្រវែង ៤៥គីឡូម៉ែត្រ។ ក្រុមអ្នកវិទ្យាសាស្រ្តជឿថា តំបន់នេះធ្លាប់មានផ្ទុកបឹង និងដៃទន្លេកាលពីយូរលង់ណាស់មកហើយ ដូច្នេះគឺអាចមានទម្រង់នៃជីវិតស្ថិតនៅទីនោះ។ បន្ទាប់មកយាន Mars 2020 នឹងចល័តនៅក្នុងតំបន់រណ្តៅ Jezero ដើម្បីរុករកសញ្ញាជីវៈចំរុះ (Biosignatures) ក្នុងដុំថ្ម។
ក្រៅពីនេះអំឡុងបេសកកម្មនៅលើភពអង្គារ យានរុករកភពអង្គារ២០២០ (Mars 2020) នឹងប្រមូលព្រមទាំងស្តុកទុកនូវគំរូតាងមួយចំនួន សម្រាប់ឲ្យបេសកកម្មនាពេលក្រោយទៀត អាចទៅនាំយកពួកវាមកកាន់ភពផែនដី ដើម្បីបន្តការសិក្សាស្រាវជ្រាវ ប៉ុន្តែវាស្ថិតនៅពេលយូរទៀតណាស់។ បេសកកម្មដើម្បីទៅយកគំរូតាងទាំងនោះ នឹងត្រូវធ្វើឡើងស្របតាមកិច្ចប្រឹងប្រែងរួមគ្នារវាង NASA និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA។
គួរជម្រាបថា បេសកកម្ម Mars 2020 មិនត្រឹមជាបេសកកម្មតាមប្រមាញ់ និងរុករកសញ្ញាជីវិតនោះទេ តែវាក៏នឹងជួយអ្នកវិទ្យាសាស្រ្តយល់ដឹងកាន់តែច្បាស់ជាងមុន អំពីដំណើរវិវត្តនៃភពថ្មីក្រហមនេះផងដែរ ហើយវាក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ឲ្យមនុស្សចុះទៅកាន់ទីនោះនៅ អំឡុងទសវត្សរ៍ឆ្នាំ២០៣០ ថែមទៀតផង។ ដោយឡែកបេសកកម្ម Mars 2020 នៅមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ ខណៈការដាក់ឈ្មោះឲ្យវា កំពុងស្ថិតក្រោមកម្មវិធីប្រកួតប្រជែងដាក់ឈ្មោះមួយ តាមរយៈសិស្សសាលានៅទូទាំងពិភពលោក៕