(វ៉ាលីងតោន)៖ ចំនួនមនុស្សស្លាប់ជាផ្លូវការ បន្ទាប់ពីមានករណីផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់ បានកើនឡើងដល់ ០៨នាក់ហើយនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកសង្គ្រោះនៅតែមិនអាច ទៅស្វែងរកមនុស្ស ដែលកំពុងបាត់ខ្លួនលើកោះភ្នំភ្លើងនោះនៅឡើយទេ ព្រោះក្រុមអ្នកជំនាញបានព្រមានថា ភ្នំភ្លើងនេះអាចផ្ទុះម្តងទៀតនៅគ្រប់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩។
ប៉ូលិសនូវែលសេឡង់បានអះអាងថា អ្នកជំងឺពីរនាក់បន្ថែមទៀតបានបាត់បង់ជីវិត នៅមន្ទីរពេទ្យកាលពីយប់ថ្ងៃពុធ ដោយសារតែស្ថានភាពរបួសរបស់ពួកគេធ្ងន់ធ្ងរពេក។ ដោយឡែកមនុស្សរហូតដល់ ០៩នាក់ឯណោះត្រូវបានគេដឹងថា កំពុងបាត់ខ្លួននៅឡើយ ប៉ុន្តែពួកគេក៏ទំនងជាពុំអាចនៅមានជីវិតនោះដែរ។
គួរបញ្ជាក់ថា ភ្នំភ្លើងនៅលើកោះភាគខាងជើងរបស់នូវែលសេឡង់ បានផ្ទុះឡើងនៅក្នុងកម្រិតបង្គួរកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ ៣.៦គីឡូម៉ែត្រ។ ការផ្ទុះនោះបានកើតឡើង កំឡុងពេលដែលភ្លៀវទេសចរចំរុះជាតិសាសន៍ កំពុងតែសប្បាយរីករាយនឹងការទស្សនា ទេសភាពនៅលើកោះភ្នំភ្លើង White Island (កោះពណ៌ស)។ ក្រៅពីមនុស្ស ០៩នាក់ដែលកំពុងបាត់ខ្លួន មនុស្សជាង ២០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕