(ពិភពលោក)៖ នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ធនាគារពិភពលោកបានវាយតម្លៃរួចហើយថា គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលវាយឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១៩ បានធ្វើឲ្យប្រទេសអាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចទំហំប្រមាណ ៥.២ពាន់លានដុល្លារ។
២៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា សហរដ្ឋអាមេរិកនាថ្ងៃពុធនេះបានប្រគល់មូលដ្ឋានទ័ពចំនួន ០៤កន្លែងទៀតឲ្យទៅកូរ៉េខាងត្បូងគ្រប់គ្រងវិញ។
៣៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះដ្រូនស៊ើបការណ៍មួយគ្រឿងសាជាថ្មី ឱ្យទៅហោះឆ្វែលពីលើតំបន់ឧបទ្វីបកូរ៉េ ដើម្បីឃ្លាំមើលសកម្មភាពកូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថា ប្រហែលជាកំពុងរៀបចំការបាញ់ សាកល្បងមីស៊ីលអន្តរទ្វីប ICBM ឬអាវុធនុយក្លេអ៊ែរ ជាកាដូបុណ្យណូអែលផ្ញើជូនលោក ដូណាល់ ត្រាំ នៅចុងឆ្នាំនេះ។
៤៖ ការកើនឡើងនៃសកម្មភាពញ័ររញ្ជួយលើកោះភ្នំភ្លើង White Island បានបង្កភាពរាំងស្ទះដល់កិច្ចប្រឹងប្រែងរបស់ អាជ្ញាធរនូវែលសេឡង់ ក្នុងការស្វែងរកមនុស្ស 0៨នាក់ដែលកំពុងបាត់ខ្លួន និងត្រូវគេជឿជាក់ថាបានស្លាប់បាត់ទៅហើយ ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងកាលពីប៉ុន្មានថ្ងៃមុន។
៥៖ អភិបាលទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក លោកស្រី ឡុនដុន ប្រ៊ីដ (London Breed) បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងឡាយ ដែលកំពុងរស់នៅទីក្រុងដ៏ស៊ីវីល័យមួយនេះ ប្រគល់កាំភ្លើងឲ្យមកអាជ្ញាធរវិញ ជាថ្នូរនឹងការសងប្រាក់។
៦៖ ស្ថានីយទូរទស្សន៍រុស្ស៊ី Zvezda TV បានឱ្យដឹងថានាវាចម្បាំង Admiral Essen នៃកងកម្លាំងរុស្ស៊ីបានបាញ់សាកល្បង មីស៊ីល Kalibr នៅឯតំបន់ឆ្នេរនៃឧបទ្វីបគ្រីមៀ៕