(ហ្សាការតា)៖ ធនាគារពិភពលោកបានវាយតម្លៃរួចហើយថា គ្រោះមហន្តរាយភ្លើងឆេះព្រៃ ដែលវាយឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១៩ បានធ្វើឲ្យប្រទេសអាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចទំហំប្រមាណ ៥.២ពាន់លានដុល្លារ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
បញ្ហាភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីតែងបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងឆ្នាំនេះគឺជាឆ្នាំនៃភ្លើងឆេះព្រៃដ៏អាក្រក់ជាងគេបំផុត គិតចាប់តាំងពីឆ្នាំ២០១៥ ដោយសារតែអាកាសធាតុរាំងស្ងួត។ ផ្ទៃដីទំហំជិត ១លានហិកតា ដែលភាគច្រើនស្ថិតនៅកោះ ស៊ូម៉ាត្រា (Sumatra) និងប័រណេអូ (Borneo) ត្រូវបានភ្លើងព្រៃឆេះលេបត្របាក់ បើទោះបីអាជ្ញាធរឥណ្ឌូណេស៊ីបានខិតខំប្រឹងប្រែង ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លាក៏ដោយ តាមរយៈការចល័តភ្នាក់ងារពន្លត់អគ្គីភ័យរាប់ពាន់រាប់ម៉ឺននាក់ និងយន្តហោះទម្លាក់ទឹកជាច្រើនគ្រឿងទៀត។
នាថ្ងៃពុធនេះធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីបានខាតបង់ទំហំ ៥.២ពាន់លានដុល្លារ ដែលក្នុងនោះ ១៥៧លានដុល្លារគឺជាទំហំនៃការបំផ្លិចបំផ្លាញដោយផ្ទាល់ និងជាង ៥ពាន់លានដុល្លារទៀតជាការខាតបង់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម ដឹកជញ្ជូន ព្រមទាំងបរិស្ថាន។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកដដែល អាកាសយានដ្ឋានជាច្រើន និងសាលារៀនរាប់រយកន្លែងទាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងនៅម៉ាឡេស៊ីរួមទាំងសិង្ហបុរី ដែលជាប្រទេសជិតខាង កន្លងមកត្រូវបានបង្ខំឲ្យបិទដំណើរការជាបណ្តោះអាសន្ន ខណៈមនុស្សជាង ៩០០,០០០នាក់បានទទួលរងបញ្ហាផ្លូវដង្ហើម ដោយសារផ្សែងបង្កឡើងពីភ្លើងឆេះព្រៃ។
គួរជម្រាបថា ភ្លើងឆេះព្រៃឆ្នាំ២០១៩ នៅឥណ្ឌូណេស៊ី បានផលិតឧស្ម័នពុលលើសភ្លើងឆេះព្រៃអាម៉ាហ្សូននៅប្រេស៊ីល ក្នុងឆ្នាំដូចគ្នានេះដល់ទៅជិត ០២ដង។ រីឯអង្គការសហប្រជាជាតិវិញបានព្រមានថា ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី បានបង្កហានិភ័យដល់កុមារជិត ១០លាននាក់ ដោយសារតែកម្រិតដ៏ច្រើនសម្បើម នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលចូលរួមចំណែកធ្វើឲ្យផែនដីកើនឡើងកម្តៅ។ ដោយឡែកប្រទេស ដែលកំពុងជួបបញ្ហាភ្លើងឆេះព្រៃធ្ងន់ធ្ងរនាពេលនេះ គឺអូស្រ្តាលី ខណៈភ្លើងឆេះព្រៃបានបន្តវាយប្រហារតំបន់ភាគខាងកើតប្រទេសនេះ អស់រយៈពេលប៉ុន្មានខែមកហើយ៕