(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា សហរដ្ឋអាមេរិកនាថ្ងៃពុធនេះបានប្រគល់មូលដ្ឋានទ័ពចំនួន ០៤កន្លែងទៀតឲ្យទៅកូរ៉េខាងត្បូងគ្រប់គ្រងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
នាថ្ងៃពុធនេះកូរ៉េខាងត្បូង និងអាមេរិកបានបើកកិច្ចប្រជុំមួយ ពាក់ព័ន្ធកិច្ចព្រមព្រៀងហៅកាត់ថា SOFA ដែលអនុញ្ញាតឲ្យទាហានអាមេរិកប្រមាណ ២៨,៥០០នាក់ឈរជើងនៅកូរ៉េខាងត្បូង។ ក្រោយកិច្ចប្រជុំនោះ ដែលប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាមេរិក ខេមហាំប្រេយស៍ (Camp Humphreys) ក្នុងទីក្រុងព្យុងតេក (Pyeongtaek) ចម្ងាយ ៧០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល សហរដ្ឋអាមេរិកក៏បានយល់ព្រមប្រគល់មូលដ្ឋានទ័ពចំនួន ០៤ ឲ្យកូរ៉េខាងត្បូងវិញ។
មូលដ្ឋានយោធាទាំង ០៤ ដែលរួមមាន ខេមអ៊ីហ្គល (Camp Eagle) និង ខេមឡង (Camp Long) នៅទីក្រុងវ៉ុនជូ (Wonju) ដែលមានចម្ងាយ ១៣០គីឡូម៉ែត្រភាគខាងកើត ទីក្រុងសេអ៊ូល, ខេមម៉ាឃីត (Camp Market) នៅទីក្រុងបាប់យុង (Bupyeong) ភាគខាងលិចសេអ៊ូល និងខេមហូវេយ (Camp Hovey) នៅក្រុង ដុងដុកឈាន់ (Dongducheon) ភាគខាងជើងនៃទីក្រុងសេអ៊ូល គឺត្រូវបានបិទទ្វាររួចអស់ទៅហើយ កាលពីចន្លោះឆ្នាំ២០០៩-២០១១។ ដំណើរការប្រគល់មូលដ្ឋានយោធាទាំង ០៤ ត្រូវបានពន្យារពេលរហូតមក ដោយសារបញ្ហាខ្វែងគំនិតគ្នាមួយចំនួនរវាងភាគីទាំងពីរ។
គួរជម្រាបថា ការសម្រេចប្រគល់មូលដ្ឋានទ័ពទាំងនេះ ទៅឲ្យរដ្ឋាភិបាលទីក្រុងសេអ៊ូលវិញ គឺជាផ្នែកនៃផែនការរុះរើទីតាំងរបស់កងកម្លាំងយោធាដែលឈរជើងនៅកូរ៉េខាងត្បូង ដើម្បីប្រមូលម្តុំកងទ័ពរបស់ខ្លួនឲ្យស្ថិតក្នុងបន្ទាយធំៗត្រឹមចំនួន ០២ គឺមួយនៅក្រុង ព្យុងតេក (Pyeongtaek) និងមួយទៀតនៅក្រុង ដេគូ (Daegu) ចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រភាគអាគ្នេយ៍សេអ៊ូល។
ក្នុងចំណោមមូលដ្ឋានទ័ពសរុបទាំង ៨០ របស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង មូលដ្ឋានចំនួន ៥៤កន្លែងហើយដែលត្រូវបានប្រគល់ឲ្យដល់ដៃកូរ៉េខាងត្បូងវិញ ហើយ ២២កន្លែងទៀតនៅពុំទាន់ប្រគល់នោះទេ ខណៈដំណើរការប្រគល់មូលដ្ឋានទ័ព ០៤កន្លែងបន្ថែមថ្មីខាងលើទើបតែបញ្ចប់នៅថ្ងៃពុធ