(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការហ្វឹកហាត់បណ្តុះបណ្តាលសម្រាប់និស្សិតយោធា ទាំងអស់ដែលមកពីអារ៉ាប៊ីសាអូឌីត នៅសហរដ្ឋអាមេរិក ក្រោយមានករណីបាញ់ប្រហារយ៉ាងកក្រើក នៅមូលដ្ឋានទ័ពអាមេរិកមួយកន្លែង ក្នុងរដ្ឋផ្លូរីដាកាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
ចំណាត់ការនេះអាចនឹងប៉ះពាល់ដល់និស្សិតយោធាអារ៉ាប៊ីសាអូឌីតជាង៨០០នាក់ ដែលមានវត្តមាននៅទូទាំងសហរដ្ឋអាមេរិក ខណៈវគ្គ បណ្តុះបណ្តាលដែលត្រូវបានផ្អាក រួមមានការរៀនហោះហើរ ការរៀនបាញ់កាំភ្លើង និងការហ្វឹកហាត់ធ្វើប្រតិបត្តិការដទៃទៀត ដែលនៅ ក្រៅថ្នាក់រៀននឹងត្រូវបញ្ឈប់ជាបណ្តោះអាសន្ន។ រីឯការបណ្តុះបណ្តាលក្នុងថ្នាក់ ដូចជាវគ្គសិក្សាភាសាជាដើម នឹងត្រូវបន្តជាធម្មតាដដែល ស្របពេលដែលក្រសួងការពារជាតិអាមេរិក ពិចារណាលម្អិតលើបែបបទនីតិវិធីសម្រាប់និស្សិតយោធាបរទេស ដែលសិក្សានៅអាមេរិក ។
គួរជម្រាបថា បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអាមេរិក ចំណាត់ការខាងលើនឹងជាចំណាត់ការរយៈពេលខ្លី ហើយនឹងមិនប៉ះពាល់ ដល់ទំនាក់ទំនងយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរឡើយ។ ដោយឡែក ដើមហេតុដែលបង្កឲ្យមានចំណាត់ការនេះ គឺនៅពេលនិស្សិតយោធា អារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះ Mohammed Alshamrani បានធ្វើសកម្មភាពបាញ់ប្រហារនៅមូលដ្ឋានកងទ័ពជើងទឹកអាមេរិក Pensacola ដែល ស្ថិតក្នុងរដ្ឋផ្លូរីដា កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ហេតុការណ៍នោះបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើង និង០៨នាក់ទៀតរងរបួស ហើយទីភ្នាក់ងារ ស៊ើបអង្កេត FBI កំពុងសិក្សាអង្កេតករណីនេះ ដោយចាត់ទុកវាប្រៀបដូចជាអំពើភេរវកម្មយ៉ាងដូច្នោះ៕