(ម៉ូស្គូ)៖ ស្ថានីយទូរទស្សន៍រុស្ស៊ី Zvezda TV បានឱ្យដឹងថានាវាចម្បាំង Admiral Essen នៃកងកម្លាំងរុស្ស៊ីបានបាញ់សាកល្បង មីស៊ីល Kalibr នៅឯតំបន់ឆ្នេរនៃឧបទ្វីបគ្រីមៀ នាពេលថ្មីនេះ។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
យោងតាម Zvezda TV មីស៊ីល Kalibr មួយគ្រាប់ខាងលើត្រូវបានបាញ់ទម្លាក់ចំគោលដៅ ដែលស្ថិតនៅចំងាយ២៥០គីឡូម៉ែត្រ ក្នុងរយៈពេល១៣៧ វិនាទី។ Kalibr គឺជាប្រភេទមីស៊ីលត្រូវបានរចនាឡើងដំបូងសម្រាប់គម្រោងនាវាមុជទឹកនុយក្លេអ៊ែរ 885 Ash ហើយក្រោយមកទៀត ទើបមីស៊ីលនេះត្រូវប្រើប្រាស់នៅក្រោមគម្រោងនាវាមុជទឹក 636 ក្នុងនោះរួមមានទាំងនាវាមុជទឹក Veliky Novgorod និងនាវាចម្បាំងមួយចំនួនដូចជានាវាចម្បាំង Admiral Essen ជាដើម។
គួរបញ្ជាក់ថា មីស៊ីល Kalibr អាចបាញ់បានក្នុងចំងាយ២៥០០គីឡូម៉ែត្រ រីឯ Admiral Essen ជានាវាចម្បាំងត្រូវបានផលិតឡើង នៅក្នុងទីក្រុង Kaliningrad ហើយវាបានចូលរួមជាមួយកងកម្លាំងរុស្ស៊ីប្រចាំតំបន់សមុទ្រខ្មៅ នៅខែមិថុនា ឆ្នាំ២០១៦៕