(តូក្យូ)៖ អតីតរដ្ឋមន្រ្តីការពារជាតិជប៉ុនម្នាក់គឺលោក Tamazawa Tokuichiro ត្រូវបានគេបាញ់ចំជើងបណ្តាលឲ្យរបួស នៅក្បែរផ្ទះរបស់លោក ក្នុងតំបន់ភាគខាងជើងប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
លោក Tamazawa ដែលបច្ចុប្បន្នមានអាយុ៨១ឆ្នាំទៅហើយនោះ នាថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានគេបាញ់ចំជើងឲ្យរបួសនៅក្បែរផ្ទះលោក ដែលស្ថិតក្នុងទីក្រុង Morioka នៃខេត្ត Iwate ហើយទោះជាបែបនេះក្តី វាពុំបានបង្កការគំរាមកំហែងដល់អាយុជីវិតរបស់លោកឡើយ ក៏ប៉ុន្តែ លោកកំពុងតែបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ក្រោមស្ថានភាពនឹងនរ។ លោក Tamazawa Tokuichiro ធ្លាប់កាន់មុខតំណែងជាប្រមុខ ការពារជាតិនៃប្រទេសជប៉ុន កាលពីឆ្នាំ១៩៩៤ ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក Murayama Tomiichi។
គួរជម្រាបថា ជនសង្ស័យដែលបានបាញ់លោក Tamazawa គឺជាបុរសចំណាស់អាយុ៨២ឆ្នាំម្នាក់ ឈ្មោះ Takahashi Hisashi ដែលមាន ទីលំនៅក្នុងខេត្ត Iwate ដូចគ្នា ហើយគាត់ក៏បានសម្រេចប្រគល់ខ្លួនឲ្យប៉ូលិសតាមសម្រួលផងដែរ។ បើតាមការអះអាងរបស់ជនសង្ស័យ មូលហេតុដែលខ្លួនបាញ់អតីតរដ្ឋមន្រ្តីការពារជាតិជប៉ុនបែបនេះ គឺដោយសារការចងកំហឹងពាក់ព័ន្ធការបោះឆ្នោតមួយ៕