(ឈីលី)៖ ប្រធានាធិបតីឈីលី លោក Sebastian Pinera បានសម្រេចលុបចោលគម្រោង ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុង Buenos Aires ប្រទេសអាហ្សន់ទីន នៅថ្ងៃអង្គារនេះ ដើម្បីចូលរួមពិធីស្បថឡើងកាន់តំណែងរបស់លោក Alberto Fernandez ជាប្រធានាធិបតីថ្មី របស់អាហ្សន់ទីន ដើម្បីធ្វើការគ្រប់គ្រង ប្រតិបត្តិការជួយសង្គ្រោះពីរដ្ឋធានី Santiago របស់ឈីលី, នេះបើតាមសម្តីអ្នកនាំពាក្យរដ្ឋាភិបាល អ្នកស្រី Karla Rubilar បានលើកឡើងដូច្នេះ។
យន្តហោះ និងនាវាជួយសង្គ្រោះ នៅថ្ងៃអង្គារនេះបានធ្វើការស្វែងរកនៅផ្ទៃសមុទ្រ ចម្លោះពីជ្រោយខាងត្បូង នៃទ្វីបអាមេរិកខាងត្បូង រហូតដល់ទ្វីបអង់តាក់ទិក ចំពោះយន្តហោះយោធាឈីលី ដែលបានបាត់ខ្លួនជាមួយនឹងមនុស្ស៣៨នាក់ជិះនៅលើនោះ។
យន្តហោះដឹកទំនិញ C-130 Hercules បានបាត់ខ្លួន បន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ពអាកាស នៅភាគខាងត្បូង ទីក្រុង Punta Arenas វេលាម៉ោង៤៖៥៥នាទីល្ងាច (ម៉ោងក្នុងតំបន់) ក្នុងគោលដៅទៅកាន់ មូលដ្ឋានទ័ព Eduardo Frei ស្ថិតនៅទ្វីបអង់តាក់ទិក របស់ឈីលី។
កងទ័ពអាកាសឈីលី បានឲ្យដឹងថា ការទំនាក់ទំនងជាមួយយន្តហោះ បានបាត់នៅវេលាម៉ោង៦៖១៣នាទីល្ងាច ហើយថា យន្តហោះមានប្រេងឥន្ធនៈគ្រប់គ្រាន់ ដើម្បីហោះហើរជាច្រើនម៉ោងទៀត នៅពេលដាច់ទំនាក់ទំនងនោះ។ ប៉ុន្តែ៧ម៉ោងក្រោយដាច់ទំនាក់ទំនង ក្រុមមន្ត្រីបានប្រកាសថា យន្តហោះបានធ្លាក់ហើយ។
មេបញ្ជាការអង្គភាពទ័ព Fourth Brigade ឈីលី បានអះអាងថា អ្នកបើកបរយន្តហោះ អាចធ្វើការចុះចតជាបន្ទាន់មួយនៅលើផ្ទៃមហាសមុទ្រ៕