(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានប្រកាសពីការចោទប្រកាន់ជាផ្លូវការ ប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយនៅថ្ងៃអង្គារនេះ ដោយចោទថាលោកបានល្មើសអំណាច និងបង្កឧបសគ្គ ដល់ការស៊ើបអង្កេតរបស់សភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។
តាមរយៈប្រកាសចោទប្រកាន់ជាផ្លូវការខាងលើ លោកត្រាំ កំពុងក្លាយជាប្រធានាធិបតីអាមេរិកទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែល នឹងត្រូវប្រឈមមុខនឹងនីតិវិធីដកតំណែងប្រធានាធិបតី។ សមាជិកសភាតំណារាស្ត្រទាំងអស់ ត្រូវបានគេរំពឹងថានឹងធ្វើការបោះឆ្នោត លើការចោទប្រកាន់ ឬមាត្រានៃនីតិវិធីដកតំណែងប្រធានាធិបតី នៅសប្ដាហ៍ក្រោយ។ តែយ៉ាងណាក៏ដោយ វាសនា និងតំណែងជា ប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ នៅត្រូវរង់ចាំមើលការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិកគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋនៃលោក ត្រាំ ជាមុនសិន ទោះបីជាមាត្រានេះត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ក៏ដោយ។
លោក Jerrold Nadler ដែលជាប្រធានគណៈកម្មាធិការយុត្តិធម៌ ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដូច្នេះដែរថា៖ «លោក ត្រាំ បានបំផ្លាញរដ្ឋធម្មនុញ្ញអាមេរិក និងបូរណភាពនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ព្រមទាំងសន្តិសុខជាតិ»។ លោកបន្ថែមថា ៖ «គ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានទេ បើទោះជាគេជាប្រធានាធិបតីក៏ដោយ»។
គួរបញ្ជាក់ថា ការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី របស់សភាតំណាងរាស្ត្រអាមេរិក ត្រូវបានធ្វើឡើង ដោយផ្ដោតជាសំខាន់លើ កិច្ចសន្ទនារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតី អ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។ នៅក្នុងកិច្ចសន្ទនា នេះលោក ត្រាំ ត្រូវបានគេចោទថា បានដាក់សម្ពាធឱ្យលោក Zelensky បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន (Joe Biden) និងកូនប្រុសឈ្មោះ ហាន់ធើ (Hunter)។
ប៉ុន្តែដោយសារតែ លោក Joe Biden ត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែងដ៏ធំសម្រាប់លោក ត្រាំ ក្នុងការបោះឆ្នោត ប្រធានាធិបតី អាមេរិកនៅឆ្នាំ២០២០ ខាងមុខនេះ ទើបខាងគណបក្ស ប្រជាធិបតេយ្យចោទរូបលោកថា បានល្មើសអំណាច និងស្នើឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការ បោះឆ្នោតអាមេរិក។ ប៉ុន្តែលោក ត្រាំ បានទាត់ចោលការចោទប្រកាន់នេះ ហើយនិយាយថាការ ស៊ើបអង្កេតប្រឆាំងនឹងរូបលោកគ្រាន់តែជាចេតនានយោបាយដែលមានបំណងបណ្ដេញ លោកពីអំណាចតែប៉ុណ្ណោះ៕