(ឡាអេ)៖ ទីប្រឹក្សារដ្ឋ លោកស្រី អោងសាន ស៊ូជី នឹងបង្ហាញខ្លួនចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីការពារប្រទេសមីយ៉ាន់ម៉ា ដែលកំពុង រងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចមូស្លីមរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៧។ នេះបើតាម ការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។
លោកស្រី ស៊ូជី ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Schiphol នៃទីក្រុង Amsterdam តាំងតែពីថ្ងៃអាទិត្យមកម្លេះ ដើម្បីតតំាងក្ដីការពាររដ្ឋាភិបាល និងប្រទេសរបស់លោកស្រី ខណៈបាតុកម្មតវ៉ាក៏ត្រូវបានគេរំពឹងថានឹងផ្ទុះឡើងផងដែរ។
សំណុំរឿងចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា ដែលជាការតវ៉ាផ្នែកផ្លូវច្បាប់ អន្តរជាតិ និងមានគោលដៅនាំមីយ៉ាន់ម៉ាឡើងតុលាការ កើតមានឡើងបន្ទាប់ពីប្រទេសហ្គាំប៊ី បានដាក់ពាក្យបណ្ដឹង មួយកាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ ទៅកាន់តុលាការ ICJ ដោយចោទថាមីយ៉ាន់ម៉ា រំលោភលើអនុសញ្ញាស្ដីពីអំពើ ប្រល័យពូជសាសន៍ឆ្នាំ១៩៤៨។ ចំណែកឯ ការិយាល័យរបស់លោកស្រី អោង សានស៊ូជី បានទទួលស្គាល់ថាលោកស្រី នឹងបង្ហាញខ្លួនចំពោះ ICJ ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិ។ ប៉ុន្តែ ខុសពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ឬតុលាការនៅក្នុងស្រុក បុគ្គលម្នាក់មិនអាចប្ដឹង ឬត្រូវបានប្ដឹង នៅឯតុលាការ ICJ នោះឡើយ។ ពោលគឺសំណុំរឿង នៅ ICJ គ្រាន់តែកំណត់ថាតើរដ្ឋ ឬប្រទេសមួយរំលោភលើច្បាប់ ដែរឬក៏យ៉ាងណាប៉ុណ្ណោះ។
គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិត និងច្រើនជាង៧០០,០០០នាក់ បានរត់ភៀសខ្លួនពីមីយ៉ាន់ម៉ា ទៅកាន់ ប្រទេសបង់ក្លាដែស បន្ទាប់ពីមានការបង្រ្កាបដ៏បង្ហូរឈាមមួយពីសំណាក់កម្លាំងសន្តិសុខ និងយោធាមីយ៉ាន់ម៉ា ទៅលើ ភូមិជនជាតិរ៉ូហ៊ីងយ៉ា ក្នុងរដ្ឋ Rakhine កាលពីឆ្នាំ២០១៧ ហើយក្រុមអ្នកស៊ើបអង្កេត UN បានសន្និដ្ឋានថាការបង្ក្រាបនេះ គឺជាទង្វើប្រល័យពូជសាសន៍។ តែ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានទាត់ចោលរាល់ការចោទប្រកាន់ដោយអះអាងថា ប្រតិបត្តិការយោធារបស់ខ្លួនគឺមានគោលបំណងការពារជនស៊ីវិលពីក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា៕