(បរទេស)៖ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ទើបសម្រេចឲ្យអភិវឌ្ឍន៍បេសកកម្មឈ្មោះថា ClearSpace-1 ដែលមានតួនាទីប្រមូលនិងសម្អាត សំរាមនៅក្នុងលំហអវកាស ដែលនឹងចេញដំណើរនៅ៦ឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នារសៀល ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។
ទីភ្នាក់ងារអវកាស ESA នាថ្ងៃចន្ទនេះបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា បេសកកម្ម ClearSpace-1 ដែលនឹងចេញដំណើរនៅឆ្នាំ២០២៥ នឹងជាយានអវកាសដំបូងគេ ដែល មានតួនាទីចម្បងក្នុងការប្រមូលសំរាមផ្សេងៗ ដែលបន្សល់ទុកក្នុងទីអវកាស ដោយបេសកម្មយ៉ាងច្រើនទសវត្សរ៍កន្លងមក។ បេសកកម្មនេះ ដើរតាមគន្លងនៃបេសកកម្មសាកល្បងកាលពីលើកមុនៗ ដូចជាបេសកកម្ម RemoveDEBRIS ដែលត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាស អន្តរជាតិ ISS កាលពីឆ្នាំ២០១៨
ទីភ្នាក់ងារអវកាស ESA បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដូច្នេះថា «ចូរស្រមៃមើលថា តើវាគឺជារឿងគ្រោះថ្នាក់ប៉ុណ្ណាសម្រាប់ ការធ្វើដំណើរលើផ្ទៃសមុទ្រ ប្រសិនបើសំពៅឬកប៉ាល់នានាកាលពីជំនាន់មុនៗ នៅតែកំពុងអណ្តែតលើផ្ទៃទឹករហូតមកទល់សព្វថ្ងៃនេះ។ ស្ថានភាពបច្ចុប្បន្ននៅគន្លងអវកាសរបស់ផែនដីគឺវាបែបនោះឯង ហើយពួកយើងមិនអាចបណ្តោយឲ្យស្ថានភាពនេះនៅបន្តទៅមុខទៀត ដោយគ្មានការរវីរវល់ឡើយ»។
គួរជម្រាបថា ជាមួយគ្នានេះ នៅប្រទេសជប៉ុន មានក្រុមហ៊ុនមួយឈ្មោះថា Astroscale ក៏កំពុងមានគម្រោងសាកល្បងចេញបេសកកម្មដើម្បី ប្រមូលសំរាមក្នុងទីអវកាស នាឆ្នាំ២០២០ផងដែរ៕