Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មិនមែនសាច់ឯងចេះតែគាំទ្រឡើយ! ព្រឹទ្ធសមាជិកនៃបក្សសាធារណរដ្ឋ ចាត់ទុកសកម្មភាពយោធាអាមេរិក «ជាទង្វើចោរសមុទ្រ» ដែលប្លន់ប្រេងពីប្រជាជនស៊ីរី (Video inside)

10-12-2019 12:07

(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភានៃរដ្ឋវើជីនៀ (Virginia) មកពីគណបក្សសាធារណរដ្ឋ លោក រីឆាដ ប្លេក (Richard Black) បាននិយាយថា សកម្មភាពរបស់យោធាសហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងតំបន់ប្រេងនៅឯភាគឦសានប្រទេសស៊ីរី គឺប្រៀបបានទៅនឹងទង្វើចោរសមុទ្រ ដែលប្លន់ធនធានធម្មជាតិជាកម្មសិទ្ធិរបស់ប្រជាជនស៊ីរី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

លោក Richard Black ដែលធ្លាប់ជួបជាមួយប្រធានាធិបតីស៊ីរីលោក បាស្សា អាល់សាដ ចំនួនពីរលើកក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៨ បានលើកឡើងដូច្នេះថា «ការរឹបអូសតំបន់ប្រេងស៊ីរី គឺជាទង្វើចោរសមុទ្រសុទ្ធសាធ។ ប្រេងទាំងនេះជាកម្មសិទ្ធិរបស់ប្រជាជនស៊ីរី មិនមែនជាកម្មសិទ្ធិរបស់ក្រុមឃើដភាគតិចនោះទេ ហើយវាក៏មិនមែនជាកម្មសិទ្ធិ របស់ក្រុមហ៊ុនប្រេងអាមេរិកនោះដែរ»

លោក Black បានបន្ថែមថា លោកជំទាស់ទាំងស្រុងទៅនឹងវត្តមានកងទ័ពអាមេរិក នៅតំបន់ភាគឦសានប្រទេសស៊ីរីក្នុងគោលបំណងដើម្បីប្រេង តែមិនមែនដើម្បីប្រជាជនក្រីក្រស៊ីរី ដែលអាចប្រឈមមុខនឹងការខ្វះខាតភ្លើងកម្ដៅខ្លួនកំឡុងរដូវរងារនេះ ហើយអ្នកខ្លះអាចនឹងស្លាប់ក៏ថាបាន។ បន្ថែមពីខាងលើ សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ ក៏បានទាស់ផងដែរទៅនឹងទណ្ឌកម្មអាមេរិក ប្រឆាំងស៊ីរីដ្បិតលោកយល់ថា វាបានធ្វើឱ្យប្រជាជនស៊ីរីជាអ្នកទទួលរងថ្មបាក់ និងពិបាកស្ដារប្រទេសជាតិឡើងវិញប៉ុណ្ណោះ។

គួរជម្រាបថា កាលពីចុងខែតុលាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើរ (Mark Esper) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងមិនអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ី ឬស៊ីរី ចូលក្នុងតំបន់ប្រេងនៅភាគឦសានប្រទេសស៊ីរីនោះទេ ដើម្បីធានាឱ្យបានប្រេងទាំងនោះ ស្ថិតនៅក្រោមការគ្រប់គ្រង ដោយក្រុមអ្នកប្រយុទ្ធឃើដស្និទ្ធនឹងអាមេរិក៕