News Update: ករណីផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់៖ មនុស្ស៥នាក់ស្លាប់ និង៨នាក់បាត់ខ្លួន, ប្រតិបត្តិការស្វែងរកនៅតែបន្ត (Video inside)
10-12-2019 09:41
(នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានឱ្យដឹងថា មិនមានសញ្ញានៃអ្នកនៅមានជីវិត ត្រូវបានគេប្រទះឃើញនៅត្រង់ចំនុចណាមួយនោះទេ បន្ទាប់ពីឧទ្ធម្ភាគចក្រ និងយន្ដហោះជាច្រើនគ្រឿង ដឹកនាំប្រតិបត្តិការហោះហើរត្រួតពិនិត្យនៅឯតំបន់ភ្នំភ្លើងផ្ទុះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។
ភ្នំភ្លើងសកម្មមួយនៅលើកោះ White Island (កោះពណ៌ស) នៃប្រទេសនូវែលសេឡេង់ បានផ្ទុះឡើងនៅវេលាម៉ោង ០២៖១៥នាទីរសៀលថ្ងៃចន្ទ (ម៉ោងនៅនូវែលសេឡង់) ចំពេលមានភ្ញៀវទេសចរច្រើននាក់ ដែលគ្រានោះកំពុងធ្វើដំណើរកម្សាន្តនៅលើកោះ។ ពីដំបូងឡើយប៉ូលិសនូវែលសេឡង់ជឿថា មានមនុស្សខ្ទង់ ១០០នាក់នៅលើកោះ White Island ពេលកើតហេតុ ក៏ប៉ុន្តែក្រោយមកបានបន្ថយមកនៅត្រឹមជាង ៥០នាក់វិញ។ ក្នុងចំណោមនោះ ៣១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និង ០៣នាក់បានចេញពីពេទ្យ ហើយ ០៥នាក់បានស្លាប់ ខណៈ៨នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា ភ្នំភ្លើងលើកោះ White Island បានផ្ទុះឡើងក្នុងកម្រិតបង្គួរ ដោយវាបានជះកម្អែរផេះ និងកម្ទេចកម្ទីផ្សេងៗឡើងលើផ្ទៃអាកាសកម្ពស់ ៣,៦៦០ម៉ែត្រ។ ចំណែកឯអ្នកដែលបាត់ខ្លួន និងរបួសគឺជាភ្ញៀវទេសចរជនជាតិ នូវែលសេឡង់ អូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស និងម៉ាឡេស៊ី៕