(តូក្យូ)៖ ក្រុមផលិតទូរស័ព្ទឆ្លាតវៃ ឬ Smartphone ដ៏ល្បីល្បាញមួយរបស់ចិនគឺ Xiaomi បានចាប់ផ្តើមវាយលុកទីផ្សារជប៉ុនហើយ ដោយចាប់ផ្តើមដំបូងពីស្មាតហ្វូនស៊េរី Mi Note 10 ដែលទើបមានវត្តមានលើទីផ្សារសកល ហើយវានឹងចាប់ផ្តើមបញ្ចេញលក់ជាលើកដំបូង ក្នុងទីក្រុងតូក្យូនាពេលឆាប់ៗខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។
បច្ចុប្បន្ន Xiaomi គឺជាក្រុមផលិតទូរស័ព្ទធំបំផុតលេខ ៤ លើលោកដោយក្តោបទីផ្សារ ៩.១ភាគរយ បន្ទាប់ពី Samsung (២១.៨%), Huawei (១៨.៦%) និង iPhone (១៣%)។ បច្ចុប្បន្នទូរស័ព្ទដែលប្រជាជនជប៉ុននិយមប្រើបំផុតនោះគឺ iPhone តែម្តង ហើយគ្រប់គ្នាកំពុងទទឹងរង់ចាំមើលថា តើស្មាតហ្វូនមានប្រភពកំណើតពីប្រទេសចិនមួយនេះ អាចឆក់យកបេះដូងប្រជាជនជប៉ុនបានដល់កម្រិតណា។
គួរបញ្ជាក់ថា ជប៉ុនត្រូវបានពិភពលោកទទួលស្គាល់ថា ជាបិតានៃបច្ចេកវិទ្យាអេឡិចត្រូនិករាប់ទសវត្សរ៍មកហើយ ប៉ុន្តែប៉ុន្មាននាឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់មហាអំណាចសេដ្ឋកិច្ចលេខ ៣ លើលោកមួយនេះ ហាក់កាន់តែពិបាកក្នុងការប្រជែងជាមួយទូរស័ព្ទរបស់អាមេរិក កូរ៉េខាងត្បូង និងចិន ក៏ព្រោះតែបញ្ហារឿងតម្លៃ និងមុខងារសម្បូរបែបមួយចំនួន ដែលមិនអាចទាក់ទាញចិត្តអតិថិជនលើលោកបាន៕