(ញូដេលី)៖ ភ្នាក់ងារពន្លត់អគ្គីភ័យពីរនាក់ ដែលបានជួយសង្រ្គោះមនុស្ស ២៧នាក់ត្រូវបានគេសរសើរថា ជាវីរៈបុរសនៅថ្ងៃចន្ទនេះ បន្ទាប់ពីអគ្គីភ័យដ៏សាហាវមួយត្រូវបានពន្លត់ដោយជោគជ័យ និងបានផ្ដាច់ជីវិតមនុស្ស ៤៣នាក់នៅក្នុងរដ្ឋឌែលី (Delhi) ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។

ហេតុការណ៍ភ្លើងឆាបឆេះអគារផលិតទំនិញកម្ពស់ ០៤ជាន់មួយខ្នងខាងលើ បានកើតឡើងនៅមុនព្រឹកព្រលឹមថ្ងៃអាទិត្យ នៅពេលមនុស្សប្រមាណជាង ១០០នាក់ ដែលភាគច្រើនជាពលករកំពុងដេកលង់លក់នៅក្នុងអគារ។ នៅពេលថ្ងៃពួកគេធ្វើការងារ ហើយពេលយប់ពួកគេសម្រាកនៅទីនោះតែម្តង។ ជាលទ្ធផលមនុស្សសរុប ៤៣នាក់បានស្លាប់ និងជាង ៥០នាក់ទៀតបានរងរបួស។ ក្នុងចំណោមអ្នកបាត់បង់ជីវិតមាន ៣៤នាក់បានស្លាប់នៅកន្លែងកើតហេតុតែម្តង និង ០៩នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យ ដោយរងរបួសធ្ងន់ធ្ងរពេក។

ប៉ុន្តែក្រោយសោកនាដកម្មនេះ អ្នកពន្លត់អគ្គីភ័យពីរនាក់គឺលោក រ៉ាជែស ស៊ូក្លា (Rajesh Shukla) និងលោក អាស៊ីស ម៉ាលីក (Ashish Malik) ត្រូវបានប្រជាជនឥណ្ឌាចាត់ទុកថា ជាវីរៈបុរស បន្ទាប់ពីអ្នកទាំងពីរហ៊ានប្រថុយជីវិត ដើម្បីជួយសង្រ្គោះជីវិតមនុស្ស។ លោក Shukla ដែលរងរបួសផងនោះបានជួយមនុស្ស ១១នាក់ ហើយលោក Malik បានជួយជីវិតមនុស្ស ១៦នាក់។ មនុស្សជាច្រើនបាននិយាយថា បើភ្នាក់ងារពន្លត់អគ្គីភ័យទាំងពីររូបខាងលើនេះ មិនបានប្រថុយជីវិតខ្លួនឯង ដើម្បីចូលទៅសង្គ្រោះមនុស្សទាំងឡាយទេនោះ ចំនួនមនុស្សស្លាប់ ឬរងរបួស ប្រាកដជាកើនឡើងច្រើនជាងនេះមិនខាន។

គួរបញ្ជាក់ថា អាជ្ញាធរឥណ្ឌាបានចល័តរថយន្តពន្លត់អគ្គិភ័យចំនួន ៣០គ្រឿង ក្នុងការប្រតិបត្តិការពន្លត់គ្រោះអគ្គីភ័យដ៏ធំមួយនេះ។ រីឯការស៊ើបអង្កេតក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីកំណត់ដើមចមដែលបង្កឲ្យមានសោកនាដកម្មខាងលើ ខណៈមានសាក្សីមួយចំនួនអះអាងថា វាទំនងជាបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ហើយម្ចាស់អគារ និងអ្នកគ្រប់គ្រងត្រូវបានប៉ូលិសចាប់ខ្លួនជាមួយការអះអាងថា អគារនេះត្រូវបានសាងសង់ ដោយមិនស្របតាមបទដ្ឋានសុវត្ថិភាពត្រឹមត្រូវ។

ទន្ទឹមគ្នានេះដែរអភិបាលរដ្ឋឌែលី (Delhi) ក៏បានប្រកាសផ្តល់ថវិកាជិត ១៥,០០០ដុល្លារ សម្រាប់ជួយដល់គ្រួសារអ្នកដែលបាត់បង់ជីវិត និងជិត ១,៥០០ដុល្លារសម្រាប់អ្នករងរបួស៕