(ប៉េកាំង)៖ អង្គការចលនាអ៊ីស្លាមតួកគីខាងកើតជាអង្គការភេរវកម្ម ដែលវិនិច្ឆ័យដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ អស់រយៈពេលជាយូរមកហើយ «អង្គការចលនាអ៊ីស្លាមតួកគីខាងកើត» បានបំផុស ហេតុការណ៍វាយប្រហារភេរវកម្មជាបន្តបន្ទាប់ ដើម្បីឈានដល់គោលដៅបំបែកបំបាក់ភូមិភាគស៊ីនជាំង ចេញពីប្រទេសចិន ។

មិនតែប៉ុណ្ណោះ អង្គការនេះក៏បានរៀបចំផែនការសកម្មភាពភេរវកម្មក្រៅប្រទេសចិន ដែលបង្កើតការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខ និងស្ថេរភាពរបស់ប្រទេសផ្សេងទៀតផងដែរ។ ភាពយន្តឯកសារនៃស្ថានីយ ទូរទស្សន៍ CGTN ក្រោមចំណងជើងថា «ដៃខ្មៅនៅពីក្រោយ-អង្គការចលនាអ៊ីស្លាមតួកគីខាងកើត និងហេតុការណ៍ភេរវកម្មនៅភូមិភាគស៊ីនជាំង» បានទម្លាយឱ្យដឹងពីទង្វើដ៏អាក្រក់ឃោរឃៅរបស់ដៃខ្មៅ នៅពីក្រោយនេះ ។

ភូមិភាគស៊ីនជាំងជា«សមរភូមិដ៏សំខាន់»សម្រាប់ប្រទេសចិនចំពោះការប្រឈមមុខនឹងអំពើភេរវកម្មនិងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មមានសភាពធ្ងន់ធ្ងរនេះ។ នៅភូមិភាគស្វយ័តទាំងមូល ហេតុការណ៍ភេរវកម្មបានកើតឡើង ជាញឹកញាប់ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងចំពោះសន្តិសុខ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ តាមស្ថិតិមិនពេញលេញបានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩០ ដល់ដំណាច់ឆ្នាំ២០១៦ នៅភូមិភាគស៊ីនជាំង
មានហេតុការណ៍វាយប្រហារភេរវកម្មរាប់ពាន់ករណី។

ជាក់ស្ដែង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២ នៅលើជើងហោះហើរ G57554 ដែលធ្វើដំណើរពីទីក្រុង Hetian ទៅកាន់ក្រុងអ៊ូលូមូឈី បានកើតមានករណីភេរវកម្មមួយ នោះគឺការប៉ុនប៉ងប្លន់យន្តហោះដោយមាន គ្រោងទុកជាមុន និងប្រុងប្រយ័ត្ន។ ចំណែកឯ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅស្ថានីយរថភ្លើង ភាគខាងត្បូងទីក្រុងអ៊ូលូមូឈី ក៏មានផ្ទុះឡើងនូវករណីវាយប្រហារដោយចាក់នឹងកាំបិត និងបំផ្ទុះគ្រាប់បែក អត្តឃាតផងដែរ ដែលបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង៧៩នាក់ទៀតរងរបួស។

ចំណែកឯ ប៉ូលិសបាននិយាយថា ករណីភេរវកម្មដូចជាថ្ងៃទី៣០ ខែមេសា នៅស្ថានីយរថភ្លើងភាគខាងត្បូង ក្រុង អ៊ូលូមូឈីជាដើម បានលាតត្រដាងនូវបទបញ្ជាធ្វើសកម្មភាពភេរវកម្ម ដោយអង្គការចលនាអ៊ីស្លាមតួកគីខាងកើត ដែលមានមូលដ្ឋាននៅក្រៅប្រទេស តាមរយៈការរៀបចំគម្រោងផែនការ និងទំនាក់ទំនងគ្នាតាមបណ្តាញ អ៊ីនធើណិត ហើយអនុវត្តសកម្មភាពក្នុងប្រទេស។ ក្រៅពីភូមិភាគស៊ីនជាំង អង្គការចលនាអ៊ីស្លាមតួកគីខាងកើតក៏ បានអនុវត្តការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ នៅទីក្រុងជាច្រើននៃប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅនេះ ក្នុងនោះរួមទាំងករណីភេរវកម្មថ្ងៃទី២៨ ខែតុលា ដែលបានកើតឡើងនៅទីលាន Tiananmen ក្រុងប៉េកាំងកាលពីឆ្នាំ២០១៣ និងករណីភេរវកម្មថ្ងៃទី១ ខែមីនា នៅឯស្ថានីយ Kunming កាលពីឆ្នាំ២០១៤។

«អង្គការចលនាអ៊ីស្លាមតួកគីខាងកើត» បានប្រើប្រាស់សាសនាដើម្បីផ្សព្វផ្សាយគំនិតជ្រុលនិយម ញុះញង់ឱ្យ មានការស្អប់ខ្ពើមជាតិ និងបំបែកបំបាក់ប្រទេស។ ចលនានេះបានផ្សព្វផ្សាយវីដេអូអំពីភេរវកម្ម និងបង្កើតអំពើ ហិង្សាជាច្រើនដោយប្រើប្រាស់វីដេអូទាំងនេះ ដើម្បីបង្កើនសមាជិក ឬបញ្ជូលមនោគមវិជ្ជាជ្រុលនិយមរបស់ ពួកគេ។ ម្យ៉ាងវិញទៀត អង្គការនេះក៏បានបណ្តុះបណ្តាលស្ត្រី និងកុមារឱ្យចូលរួមវាយប្រហារភេរវកម្មផងដែរ។

អស់រយៈពេល២០ ឆ្នាំកន្លងមក ក្រុមភេរវករនៅភូមិភាគស៊ីនជាំងបានប្រើភាពជ្រុលនិយមខាងសាសនា ជាលេស ដើម្បីបង្កើតនូវហេតុការណ៍ភេរវកម្មជាច្រើន ក្នុងបំណងបំបែកបំបាក់ប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមភេរវករអន្តរជាតិ បានបន្តឆ្លងដែនចូលក្នុងទឹកដីចិន ដើម្បីបង្កើនការវាយប្រហារភេរវកម្ម តាមរយៈជម្លោះសាសនា អរិយធម៌និងប្រជាជាតិ។

ប្រព័ន្ធសារព័ត៌មានលោកខាងលិចបានបញ្ជាក់ថា ភាពតានតឹងនៅភូមិភាគស៊ីនជាំង គឺបណ្តាលមកពីកត្តា សេដ្ឋកិច្ចនិងវប្បធម៌។ ប្រព័ន្ធសារព័ត៌មានលោកខាងលិចទាំងនេះ ផ្តោតលើបញ្ហាជនជាតិសាសនា និងវប្បធម៌ ប៉ុន្តែ មិនបានក្រឡេកទៅមើលពីប្រវត្តិសាស្រ្តនៃបញ្ហាភូមិភាគស៊ីនជាំងនោះទេ។

លោកសាស្រ្តាចារ្យ Lisheng អតីតនាយកនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវព្រំដែននៃបណ្ឌិត្យ សភាវិទ្យាសាស្ត្រ សង្គមចិនបានថែ្លងថា ប្រទេសចិនបានទទួលសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មដោយប្រើប្រាស់រាល់គ្រប់មធ្យោបាយផ្សេងៗ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មភេរវកម្ម។លោកបានឱ្យដឹង ទៀតថា ការប្រឆាំងនឹងភេរវកម្មចាំបាច់ ត្រូវលុបបំបាត់ភេរវកម្មចេញពីទស្សនៈមនោគមវិជ្ជា ហើយទាមទារនូវ កិច្ចខិតខំប្រឹងប្រែងយូរអង្វែង៕

បកប្រែដោយវិទ្យុមិត្តភាពកម្ពុជា-ចិន