(វែលីងតោន)៖ ប៉ូលិសនូវែលសេឡង់បានបញ្ជាក់ឲ្យដឹងថា មនុស្សយ៉ាងតិច៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើងលើកោះមួយ កន្លែង នៅភាគខាងជើងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅរសៀលថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
ភ្នំភ្លើងសកម្មមួយនៅលើកោះ White Island (កោះពណ៌ស) នៃប្រទេសនូវែលសេឡេង់ បានផ្ទុះឡើងនៅវេលាម៉ោង០២៖១៥នាទីរសៀល ថ្ងៃចន្ទនេះ (ម៉ោងនៅនូវែលសេឡង់) ចំពេលមានភ្ញៀវទេសចរច្រើននាក់ ដែលគ្រានោះកំពុងធ្វើដំណើរកម្សាន្តនៅលើកោះ។ ពីដំបូងឡើយ ប៉ូលិសនូវែលសេឡង់ជឿថាមានមនុស្សខ្ទង់១០០នាក់នៅលើកោះ White Island ពេលកើតហេតុ ក៏ប៉ុន្តែក្រោយមកបានបន្ថយមកនៅត្រឹម ៥០នាក់វិញ។ ក្នុងចំណោមនោះ ២៣នាក់ត្រូវបានជួយសង្រ្គោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រោះពួកគេភាគច្រើនបានរលាកភ្លើង។
គួរជម្រាបថា ភ្ញៀវទេសចរទាំងនោះអាចរួមមានជនជាតិនូវែលសេឡង់ផ្ទាល់ និងជនជាតិដទៃទៀត។ ភ្នំភ្លើងលើកោះ White Island បានផ្ទុះ ឡើងក្នុងកម្រិតបង្គួរ ដោយវាបានជះកម្អែរផេះនិងកម្ទេចកម្ទីផ្សេងៗឡើងលើផ្ទៃអាកាសកម្ពស់៣,៦៦០ម៉ែត្រ។ ដោយឡែក កំពុងមានការ ចោទសួរថា តើហេតុអ្វីបានជាមានការអនុញ្ញាតឲ្យភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះ ខណៈដែលក្រុមអ្នកជំនាញទើបតែបានកត់សម្គាល់ពី ការកើនឡើងនៃសកម្មភាពរបស់ភ្នំភ្លើង៕