(ម៉ូស្គូ)៖ កងកម្លាំងការពារដែនអាកាសរបស់យោធារុស្ស៊ីនៅភាគខាងជើង នឹងត្រូវបំពាក់ប្រព័ន្ធមីស៊ីល S-400 ដ៏ទំនើប ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីបង្កើតជាបណ្តាញខែលការពារដែនអាកាសនៅតំបន់អាក់ទិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
មេបញ្ជាការយោធាជើងទឹករុស្ស៊ីមួយរូបគឺលោក Alexader Moiseev បានឲ្យដឹងថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី ដែលឈរជើងនៅឯតំបន់ទឹកកកអាក់ទិក នឹងត្រូវឆ្លងកាត់ដំណើរការផ្លាស់ប្តូរសព្វាវុធគ្រប់ជ្រុងជ្រោយមួយ ដោយក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ពួកគេនឹងទទួលបានប្រព័ន្ធមីស៊ីលការពារអាកាសចម្ងាយឆ្ងាយដ៏ទំនើបរបស់រុស្ស៊ីគឺ S-400។ លោក Moiseev បានបង្ហាញភាពជឿជាក់ថា ការបំពាក់ S-400 នៅតាមតំបន់អាក់ទិករបស់រុស្ស៊ី នឹងអាចធ្វើជាខែលការពារខ្លួនប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងការវាយប្រហារដោយសព្វាវុធផ្សេងៗ រួមមានទាំងយន្តហោះចម្បាំង មីស៊ីលប្រដេញគោលដៅចម្ងាយឆ្ងាយ និងសូម្បីតែពួកមីស៊ីលផ្លោងឆ្លងទ្វីប។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីបាននិងកំពុងពង្រឹងកម្លាំងយោធារបស់ខ្លួន នៅឯតំបន់អាក់ទិក តាមរយៈការជួសជុលមូលដ្ឋានចាស់ៗ និងការសាងសង់បន្ថែមថ្មី បូករួមជាមួយការដាក់ពង្រាយសព្វាវុធទំនើបៗ និងការធ្វើសមយុទ្ធយោធា ខណៈដែលមហាអំណាចដទៃទៀតក៏បាននិងកំពុងបង្កើនសកម្មភាពនៅតំបន់ទឹកកក ដែលសម្បូរទៅដោយធនធាននេះដូចគ្នា៕