(វ៉ាស៊ីនតោន)៖ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ អាចនឹងធ្វើការបោះឆ្នោតមួយនៅក្នុងសប្ដាហ៍នេះ លើមាត្រានៃកិច្ចដំណើរការនីតិវិធីទម្លាក់ប្រធានាធិបតីពីតំណែង ឬការចោទប្រកាន់ជាផ្លូវការ ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលកំពុងរងការចោទប្រកាន់ថាបាន «រំលោភអំណាច»។ នេះបើតាមប្រធានគណៈកម្មាធិការយុត្តិធម៌នៃសភាអាមេរិក ដកស្រង់ការផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
ប្រធានគណៈកម្មាធិការយុត្តិធម៌មកពីខាងគណបក្សប្រជាធិបតេយ្យ លោក ហ្សែររ៉ូលដ៍ ណេដ្លឺ (Jerrold Nadler) ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកម្មវិធីទូរទស្សន៍ NBC កាលពីថ្ងៃអាទិត្យជាមួយការបញ្ជាក់ថា មាត្រានៃនីតិវិធីចោទប្រកាន់ជាផ្លូវការ នឹងត្រូវបញ្ជូនមកកាន់គណៈកម្មាធិការយុត្តិធម៌ យ៉ាងយូរនៅក្នុងសប្ដាហ៍នេះ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរដោយទូរទស្សន៍ CNN ថា តើសមាជិកសភាតំណាងរាស្ត្រ នឹងបោះឆ្នោតអនុម័តលើមាត្រានេះនៅក្នុងសប្ដាហ៍នេះដែរឬទេ លោក Nadler ក៏បានអះអាងយ៉ាងខ្លីដែរថា «វានឹងអាចទៅរួច»។
គួរជម្រាបថា ការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី របស់សភាតំណាងរាស្ត្រអាមេរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ត្រូវបានធ្វើឡើងដោយផ្ដោតជាសំខាន់លើ កិច្ចសន្ទនារវាងលោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្កាយ (Volodymyr Zelensky) កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។ នៅក្នុងកិច្ចសន្ទនានេះលោក ត្រាំ ត្រូវបានគេចោទថា បានដាក់សម្ពាធឱ្យលោក Zelensky បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន (Joe Biden) និងកូនប្រុសឈ្មោះ ហាន់ធើ (Hunter)។
ប៉ុន្តែដោយសារតែ លោក Joe Biden ត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែងដ៏ធំសម្រាប់លោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ ខាងមុខនេះ ទើបខាងគណបក្ស ប្រជាធិបតេយ្យចោទរូបលោកថា បានល្មើសអំណាច និងស្នើឱ្យបរទេសជ្រៀតជ្រែកចូលកិច្ចការ បោះឆ្នោតអាមេរិក។ ប៉ុន្តែលោក ត្រាំ បានទាត់ចោលការចោទប្រកាន់នេះ ហើយនិយាយថាការ ស៊ើបអង្កេតប្រឆាំងនឹងរូបលោកគ្រាន់តែជាចេតនានយោបាយ ដែលមានបំណងបណ្ដេញលោកពីអំណាចតែប៉ុណ្ណោះ។
ដោយឡែកបើតាមក្រុមអ្នកជំនាញ មាត្រានៃនីតិវិធីចោទប្រកាន់ជាផ្លូវការ អាចនឹងត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ។ តែយ៉ាងណាក៏ដោយ វាសនា និងតំណែងជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ នៅត្រូវរង់ចាំមើលការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក គ្រប់គ្រងដោយគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ជាមុនសិន ទោះបីជាមាត្រានេះត្រូវបានអនុម័ត ដោយសភាតំណាងរាស្ត្រក៏ដោយ៕