(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក FBI បានឲ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតករណីបាញ់ប្រហារ នៅមូលដ្ឋានទ័ពជើងទឹកក្នុងរដ្ឋផ្លូរីដា ដោយចាត់ទុកករណីនោះដូចជា «សកម្មភាពភេរវកកម្ម»។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាកងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
ពាក់ព័ន្ធករណីបាញ់ប្រហារយ៉ាងកក្រើក កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិកភែនសាខូឡា (Pensacola) ដែលបានធ្វើឲ្យមនុស្ស ០៣នាក់ស្លាប់ និង ០៨នាក់ផ្សេងទៀតរងរបួស ភ្នាក់ងារ FBI មួយរូបគឺលោកស្រី រ៉ាឈែល រ៉ូចាស (Rachel Rojas) បានប្រាប់ថា FBI កំពុងបន្តការងារស៊ើបអង្កេតក្រោមការសន្និដ្ឋានថា វាគឺជាសកម្មភាពភេរវកម្ម។ បើតាមទីភ្នាក់ងារ FBI ខ្មាន់កាំភ្លើងគឺជាជនជាតិអារ៉ាប៊ីសាអូឌីត មានឈ្មោះថា ម៉ូហាំម៉េដ អាល់ហ្សាំរ៉ានី (Mohammed Alshamrani) អាយុ ២១ឆ្នាំ ដែលមកពីកងទ័ពអាកាសអារ៉ាប៊ីសាអូឌីត ដើម្បីហាត់រៀននៅមូលដ្ឋានទ័ពអាមេរិក។ ជននោះត្រូវបានប៉ូលិសអាមេរិកបាញ់សម្លាប់ ក្នុងការប្រយុទ្ធជាមួយគ្នា។
គួរជម្រាបថា ក្រោយជ្រាបដំណឹងខាងលើ ស្តេចអារ៉ាប៊ីសាអូឌីតក៏បានទូរស័ព្ទមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីសម្តែងការសោកស្តាយ និងសមានទុក្ខផងដែរ។ មូលដ្ឋាន Pensacola ជាទីតាំងហ្វឹកហាត់ដ៏ធំមួយរបស់ទ័ពជើងទឹកអាមេរិក ដែលមានទាហានជាង ១៦,០០០នាក់ និងបុគ្គលិកស៊ីវិល ៧,៤០០នាក់។ ករណីកាលពីថ្ងៃសុក្រ គឺជាករណីបាញ់ប្រហារលើកទីពីរ ហើយនៅមូលដ្ឋានយោធាអាមេរិកកំឡុងសប្តាហ៍មុន ដោយកាលពីថ្ងៃពុធ ករណីមួយទៀតបានផ្ទុះឡើងនៅមូលដ្ឋានទ័ពជើងទឹកអាមេរិក ភាលហាប៊ឺរ (Pearl Harbor) នៃរដ្ឋហាវ៉ៃ ដែលបានផ្តាច់ជីវិតមនុស្ស ០៣នាក់រួមទាំងខ្មាន់កាំភ្លើង៕