(វ៉ាលីងតោន)៖ ភ្នំភ្លើងសកម្មមួយនៅលើកោះ White Island (កោះពណ៌ស) នៃប្រទេសនូវែលសេឡេង់ បានផ្ទុះឡើងនៅវេលាម៉ោង ២៖១៥នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅនូវែលសេឡង់) ដោយបានបណ្តាលឲ្យភ្ញៀវទេសចរកំពុងកម្សាន្តនៅតំបន់នោះជាង ២០នាក់ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
ជុំវិញហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានចេញមុខភ្លាមៗដើម្បីដោះស្រាយបញ្ហា ខណៈលោកស្រីចាត់ទុកថា គ្រោះធម្មជាតិនៅកោះ White Island ដែលនៅជិតតំបន់ឆ្នេរនៃកោះធំខាងជើងនូវែលសេឡង់នោះ គឺជារឿងហេតុដ៏បន្ទាន់ និងអាចវិវឌ្ឍបន្ថែមទៀត។ អាជ្ញាធរជឿជាក់ថា ភ្ញៀវទេសចរប្រមាណជាង ១០០នាក់បានស្ថិតនៅជុំវិញតំបន់ភ្នំភ្លើងនៅពេលកើតហេតុ ខណៈពេលនេះសេចក្តីរាយការណ៍ភ្លាមៗបានបញ្ជាក់ថា ភ្ញៀវទេសចរជាង ២០នាក់បានទទួលរងរបួស។
គួរបញ្ជាក់ថា ចំនួនអ្នករងរបួសពិតប្រាកដ នៅមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ ដោយអាជ្ញាធរសង្ស័យថា អាចនឹងមានចំនួនច្រើនជាងការបញ្ជាក់ខាងលើនេះទៅទៀត។ ភ្នំភ្លើងលើកោះ White Island នេះបានផ្ទុះឡើងនៅក្នុងកម្រិតទី ៤ (ជាកម្រិតខ្លាំងបង្គួរ) ខណៈកម្រិតទី ៥ គឺជាកម្រិតធ្ងន់បំផុត។ អាជ្ញាធរក្នុងតំបន់ភាគខាងជើងនូវែលសេឡង់បានអះអាងថា ភ្នំភ្លើងបានផ្ទុះឡើង ខណៈភ្ញៀវទេសចរកំពុងទស្សនាកម្សាន្តនៅជុំវិញតំបន់នោះ ទើបជាហេតុបង្កឲ្យមានមនុស្សរបួស ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ថា អាចមានមនុស្សស្លាប់នោះឡើយ៕