(វ៉ាស៊ីនតោន)៖ ទោះបីជាអាកាសធាតុត្រជាក់ខ្លាំង រហូតដល់ធ្លាក់ព្រិលទាំងនៅសហរដ្ឋអាមេរិក និងកូរ៉េខាងជើងក៏ដោយ ប៉ុន្តែស្ថានការណ៍វិញបានប្រែប្រួលទៅរកភាពក្តៅគគុកខ្លាំងឡើងៗហើយ បន្ទាប់ពីលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបានអះអាងថា បានធ្វើតេស្តអាវុធដ៏សំខាន់មួយ ហើយគ្រាន់តែលឺបែបនេះភ្លាម លោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ធ្ងរតបវិញថា លោក គីម ជុងអ៊ុន នឹងបាត់បង់អ្វីៗគ្រប់យ៉ាងទាំងអស់ ប្រសិនបើហ៊ានបង្កភាពគឃ្លើនដាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ AFP នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅវ៉ាស៊ីនតោន) តាមរយៈសារបង្ហោះក្នុង Twitter លោកយ៉ាងដូច្នេះថា «លោក គីម ជុងអ៊ុន ដូចជាឆ្លាតជ្រុលពេកហើយ ហើយក៏នឹងមានអ្វីដែលនឹងត្រូវបាត់បង់ច្រើនដែរ... អ្វីគ្រប់យ៉ាងគឺប្រាកដណាស់នឹងត្រូវកើតឡើង ប្រសិនបើលោក (គីម) ហ៊ានបញ្ចេញសកម្មភាពដ៏គឃ្លើនដាក់អាមេរិកនោះ...»។
គួរបញ្ជាក់ថា ការប្រកាសអំពីការធ្វើតេស្តថ្មី (មិនបញ្ជាក់ប្រភេទ) នៅមូលដ្ឋានបាញ់ផ្កាយរណប Sohae របស់កូរ៉េខាងជើង កាលពីចុងសប្តាហ៍មុននេះ គឺបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងភ្ញាក់ផ្អើលខ្លាំងប្រសិនបើកូរ៉េខាងជើង បញ្ចេញសកម្មភាពគឃ្លើនណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អប្រសើររបស់លោក ជាមួយមេដឹកនាំ គីម ជុងអ៊ុន៕