(ញូដេលី)៖ គ្រោះអគ្គិភ័យធំមួយបានកើតឡើងនៅរោងចក្រមួយកន្លែង ក្នុងតំបន់ Anaj Mandi នៃរដ្ឋ Delhi ប្រទេសឥណ្ឌា ហើយវាបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៣៥នាក់ និងធ្វើឲ្យជាង៥០នាក់ទៀតរងរបួស។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន India Today នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។
តួលេខនៃអ្នកស្លាប់ត្រូវបានបញ្ជាក់ឲ្យដឹងដោយប៉ូលិសប្រចាំរដ្ឋ Delhi។ ក្រៅពីមនុស្សបាត់បង់ជីវិត នៅមានយ៉ាងតិច៥៦នាក់ទៀត បានទទួលរងរបួស ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ ដែលបានកើតឡើងមុនព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។ រីឯអ្នកស្លាប់ភាគច្រើនគឺជាកម្មករដែលបានសម្រាកនៅរោងចក្រកើតហេតុ នៅពេលគ្រោះអគ្គិភ័យបានកើតឡើង។
គួរជម្រាបថា ឆ្លើយតបចំពោះគ្រោះអគ្គិភ័យនោះ រថយន្តពន្លត់អគ្គិភ័យខ្ទង់៣០គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ សម្រាប់មូលហេតុដែលបណ្តាលឲ្យមានភ្លើងឆេះរោងចក្រខាងលើវិញ នៅមិនទាន់ត្រូវបានដឹងច្បាស់ឡើយ ប៉ុន្តែអគ្គិភ័យត្រូវគ្រប់គ្រងបានហើយ៕