(ស្វីស)៖ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ទីក្រុង Zurich នៃប្រទេសស្វីសបានក្លាយជាកន្លែងសម្រាប់ការដោះដូរអ្នកទោសយ៉ាងកម្រមួយរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។
ការដោះដូរអ្នកទោសខាងលើត្រូវបានធ្វើឡើង ក្រោមការសម្របសម្រួលពីសំណាក់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Javad Zarif និងមន្រ្តីអាមេរិកលោក Brian Hook សម្រាប់អ្នកទោសពីរនាក់ឈ្មោះ Massoud Soleimani និង Xiyue Wang។ លោក Wang ដែលជាពលរដ្ឋអាមេរិក បានជាប់ឃុំឃាំងនៅប្រទេសអ៊ីរ៉ង់អស់រយៈពេលប្រមាណជា៣ឆ្នាំ ដោយសារការចោទប្រកាន់ថា លោកលួចស៊ើបការណ៍សម្ងាត់ពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។ រីឯលោក Soleimani ដែលជាសាស្រ្តាចារ្យអ៊ីរ៉ង់ បានរងការចោទប្រកាន់នៅអាមេរិក ពីបទព្យាយាមនាំយកវត្ថុដែលបំពានទណ្ឌកម្មអាមេរិក ទៅកាន់ប្រទេសអ៊ីរ៉ង់។
គួរជម្រាបថា លោក Soleimana នឹងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់វិញក្នុងពេលឆាប់ៗ។ រីឯមន្រ្តីអាមេរិក លោក Brian Hook និងលោក Xiyue Wang បានចេញដំណើរទៅអាល្លឺម៉ង់ ដើម្បីឲ្យលោក Wang ទទួលការពិនិត្យស្ថានភាពសុខភាព នៅមជ្ឈមណ្ឌលវិជ្ជសាស្រ្តអាមេរិកមួយកន្លែង ក្នុងទីក្រុង Landstuhl។ លោក Wang នឹងស្នាក់នៅអាល្លឺម៉ង់រយៈពេលប៉ុន្មានថ្ងៃ មុនត្រឡប់ទៅកាន់អាមេរិក៕