(ម៉ិចស៊ីកូ)៖ មនុស្ស៤នាក់បានបាត់បង់ជីវិត និង២នាក់ទៀតបានរងរបួស ក្នុងករណីបាញ់ប្រហារមួយកើតឡើងនៅក្បែរ វិមានប្រធានាធិបតីម៉ិចស៊ីកូ ក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងនាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅម៉ិចស៊ីកូ) ខណៈដែលប្រធានាធិបតីម៉ិចស៊ីកូ លោក Andres Manuel Lopez Obrador កំពុងបំពេញទស្សនកិច្ចនៅក្រៅទីក្រុងម៉ិចស៊ីកូស៊ីធី។ អាជ្ញាធរម៉ិចស៊ីកូបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ រីឯខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានប៉ូលិសបាញ់ស្លាប់ដែរ ខណៈមនុស្ស២នាក់ទៀតបានទទួលរងរបួស។
គួរជម្រាបថា ភ្លាមៗក្រោយពេលសកម្មភាពបាញ់ប្រហារបានផ្ទុះឡើង កម្លាំងប៉ូលិសម៉ិចស៊ីកូជាង១០០នាក់ បាននាំគ្នារួចរាន់ទៅកាន់កន្លែងកើតហេតុ និងបិទផ្លូវជុំវិញទីនោះ។ ជាមួយគ្នានេះ ការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ ជុំវិញករណីបាញ់សម្លាប់មនុស្សខាងលើ៕