(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ចិត្តលោក យ៉ាង ជីឈី (Yang Jiechi) បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ តាមរយៈប្រព័ន្ធទូរស័ព្ទថា អាមេរិកគួរតែឈប់លូកលាន់កិច្ចការផ្ទៃក្នុងចិនតទៅទៀត ហើយការលើកឡើងបែបនេះ គឺចិនចង់សំដៅលើបញ្ហាទីក្រុងហុងកុង និងការចោទប្រកាន់ចិនរឿងរំលោភសិទ្ធិមនុស្សជាដើម។ នេះបើតាមការចេញផ្សាយដោយ CNA នាយប់ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។
សហរដ្ឋអាមេរិកនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានប្រឹងប្រែងក្នុងការព្រាង និងអនុម័តច្បាប់ ស្តីពីកិច្ចការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យទីក្រុងហុងកុងរបស់ចិន ព្រមទាំងធ្វើការលើកឡើងផងដែរ អំពីបញ្ហាជនជាតិភាគតិចអ៊ុយហ្គ័រ តាមរយៈការចោទចិនម្តងហើយម្តងទៀតថា បានរំលោភសិទ្ធិជនជាតិភាគតិចនេះ។ ជាការឆ្លើយតបនឹងសកម្មភាពអាមេរិកបែបនេះ លោក Yang បានលើកឡើងថា «សហរដ្ឋអាមេរិកកំពុងតែបំផ្លាញទំនាក់ទំនងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដូច្នេះទីក្រុងវ៉ាស៊ីនតោនគួរតែធ្វើការកែប្រែកំហុស និងឈប់លូកលាក់កិច្ចការផ្ទៃក្នុងចិនជាបន្ទាន់»។
គួរបញ្ជាក់ថា ក្រៅពីការតាក់តែងច្បាប់ពាក់ព័ន្ធនឹងទីក្រុងហុងកុង និងទទួលបានការគាំទ្រពីលោក ដូណាល់ ត្រាំ រួចទៅហើយនោះ សភាតំណាងរាស្ត្រអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះ បានចាប់ផ្តើមរៀបចំចំណាត់ការថ្មីមួយទៀត ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លាទៅកាន់នឹងចិន ចំពោះអ្វីដែលទីក្រុងវ៉ាស៊ីនតោនខ្លួនឯងចោទប្រកាន់ថា ចិនកំពុងតែធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិចអ៊ុយហ្គ័រ៕