Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកធ្លាក់ដ៏ល្បីល្បាញប្រចាំទ្វីបអាហ្វ្រិក ពេលនេះកំពុងធ្លាក់ចុះកម្រិតទឹកខ្លាំងបំផុត!

07-12-2019 17:29

(ហ្សំប៊ី)៖ ទឹកធ្លាក់វិចតូរៀនហ្វល (Victoria Falls) ដ៏ល្បីល្បាញបំផុតប្រចាំប្រទេសហ្សំប៊ី និងតំបន់អាហ្វ្រិកភាគខាងត្បូង កំពុងតែថមថយនូវកម្រិតទឹកយ៉ាងខ្លាំង ដែលប្រការនេះគឺជាសញ្ញាបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុលើភពផែនដី ពិតជាធ្ងន់ធ្ងរខ្លាំងណាស់នៅក្នុងឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។

ការប្រែប្រួលអាកាសធាតុភពផែនដី ដែលមានសន្ទុះកាន់តែរហ័សនារយៈពេល ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពិតជាធ្វើឲ្យតំបន់ទេសចរណ៍ដ៏សំខាន់របស់ហ្សំប៊ីមួយនេះ រងការគំរាមកំហែងខ្លាំងឡើងៗ ជាពិសេសនោះគឺនឹងអាចមានការធ្លាក់ចុះភ្ញៀវទេសចរ ដែលជាប្រភពប្រាក់ចំណូលជាតិដ៏សំខាន់ ប្រសិនបើស្ថានភាពកាន់តែយ៉ាប់ទៅៗនោះ។

ជុំវិញបញ្ហានេះអ្នកប្រកបរបរនៅជុំវិញតំបន់ទឹកធ្លាក់ Victoria Falls បានប្រាប់សារព័ត៌មានក្នុងតំបន់យ៉ាងដូច្នេះថា «កាលពីប៉ុន្មានឆ្នាំមុននេះ ទោះបីជារដូវក្តៅចូលមកដល់ក្តី ក៏ទឹកមិនដែលរីងស្ងួតដូចពេលនេះដែរ... យើងទទួលបទពិសោធន៍អាក្រក់ហើយពេលនេះ... វាកំពុងបង្កការប៉ះពាល់ដល់យើង ព្រោះពេលភ្លៀវទេសចរឃើញការផ្សព្វផ្សាយតាមអ៊ីនធើណិតថា ទីនេះគ្មានទឹកទៀត ដូច្នេះពួកគេនឹងមកកម្សាន្តទីនេះទេ...»

គួរបញ្ជាក់ថា ទ្វីបអាហ្វ្រិកគឺស្ថិតនៅទីតាំងមួយ ដែលតែងទទួលរងអាកាសធាតុក្តៅស្ងួតជាប្រចាំ ហើយដោយសារតែបញ្ហានេះហើយ ទើបការប្រែប្រួលអាកាសធាតុ វាកាន់តែធ្វើឲ្យប្រទេសជាច្រើន ជួបប្រទះបញ្ហាថ្មីៗបន្ថែមលើបញ្ហាដែលមានស្រាប់។ តួយ៉ាងនៅក្នុងឆ្នាំ២០១៩ ដោយសារតែអាកាសធាតុរាំងស្ងួត និងដំណាំកសិផលមិនទទួលបានទិន្នផលល្អនោះ ប្រជាជនក្នុងទ្វីបនេះជាង ៤៥លាននាក់បាននិងកំពុង ជួបប្រទះបញ្ហាកង្វះស្បៀងអាហារ៕