(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានពិភាក្សាគ្នា តាមទូរស័ព្ទជិតកន្លះម៉ោង ដើម្បីស្វែងរកមធ្យោបាយថែរក្សាកិច្ចសន្ទនាតាមផ្លូវការទូតជាមួយកូរ៉េខាងជើង ក្នុងបរិបទដែល កិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ កំពុងជាប់គាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃសៅរ៍នេះ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា មេដឹកនាំ នៃប្រទេសទាំងពីរ បានយល់ស្របថាស្ថានភាពបច្ចុប្បន្នមានភាពធ្ងន់ធ្ងរ ហើយសន្ទុះនៃកិច្ចសន្ទនាគួរតែត្រូវបានរក្សា សំដៅសម្រេចឱ្យបាននូវលទ្ធផលចេញពីកិច្ចចរចានុយក្លេអ៊ែរ។ បន្ថែមពីលើនេះ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក ត្រាំ និងលោក មូន ក៏បានព្រមព្រៀងគ្នាដែរថានឹងប្រឹក្សាយោបល់គ្នាទៅវិញទៅមកជាទៀតទាត់ ក្នុងករណីចាំបាច់។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទុកឱ្យសហរដ្ឋអាមេរិក បើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នៅត្រឹមចុងឆ្នាំ២០១៩នេះ បើពុំដូច្នោះទេ ទីក្រុងព្យុងយ៉ាង នឹងចាត់វិធានការឆ្លើយតប ក៏ដូចជាជ្រើសរើសផ្លូវដើរថ្មី ដោយមិនបានបញ្ជាក់អ្វីលម្អិតឡើយ៕