(បរទេស)៖ នៅពេលចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ស្តីចក្ខុវិស័យមួយជាមួយសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកាកន្លងទៅ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានអង្គុយយ៉ាងស្ងៀមស្ងាត់ ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើ (Mark Esper) បានបង្ហាញពីការប្ដេជ្ញាចិត្តគាំទ្រថៃ ប្រឈមមុខនឹងការគំរាមកំហែងពីខាងក្រៅ និងនៅក្នុងតំបន់អាស៊ី ដែលលោកផ្ទាល់ចង់សំដៅទៅលើចិន។
តែមួយម៉ោងក្រោយប៉ុណ្ណោះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិជាមួយ រដ្ឋមន្ត្រីការពារជាតិចិនលោក វៃ ហ្វេងហេ (Wei Fenghe) លោក ប្រាយុទ្ធ បានសន្យាថា នឹងគាំទ្រគោលនយោបាយសំខាន់ៗរបស់ចិនក្នុងនោះរួមទាំង «កម្មវិធីខែ្សវាត់ និងផ្លូវ» ដែលមានគោលដៅផ្ដល់ហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។
កាយវិការបែបនេះរបស់លោកនាយករដ្ឋមន្ត្រីថៃ ត្រូវបានក្រុមអ្នកជំនាញមួយចំនួនយល់ថា លោកកំពុងព្យាយាមសាកល្បងប្រើប្រាស់យុទ្ធសាស្ត្រ ទាញផលចំណេញទាំងពីប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងពេលជាមួយគ្នា ដោយបោះដៃទៅចិនខ្លាំងជាងមុន បញ្ឈឺអាមេរិកតាមក្រោយ ខណៈទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន កំពុងមានភាពរកាំរកូសនឹងគ្នា ចាប់តាំងពីរដ្ឋប្រហារឆ្នំា២០១៤ មកម្ល៉េះ។
* តើថៃកំពុងលេងល្បែងខ្លួនមួយជិះទូកពីរមែនឬ?
ដោយត្រូវបានចាត់ទុកដោយអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) ក្នុងនាមជាសម្ព័ន្ធមិត្ត មិនមែនជាសមាជិកអង្គការ NATO នៅឆ្នាំ២០០៣ ថៃក៏ធ្លាប់បានដើរតួរយ៉ាងសំខាន់ និងចូលរួមជួយសហរដ្ឋអាមេរិកក្នុងសង្រ្គាមនៅវៀតណាម ដើម្បីទប់ស្កាត់ការរីកសាយ នៃមនោគមន៍វិជ្ជាកម្មុយនិស្ដផងដែរ។ ប៉ុន្តែទំនាក់ទំនងរវាងសម្ព័ន្ធមិត្តចាស់វស្សា ទាំងពីរចាប់ផ្ដើមស្គាល់ភាពតានតឹង ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ដែលជំរុញឱ្យរដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដាក់ទណ្ឌកម្មមួយចំនួន ជាពិសេសគឺការរឹតត្បិតលើទំនាក់ទំនងការពារជាតិជាមួយថៃ រហូតដល់ប្រជាធិបតេយ្យត្រូវបានស្ដារឡើងវិញ។
ចំណែកឯចិនវិញបានចាប់យកឱកាសនេះ ដោយកាន់តែពង្រឹងទំនាក់ទំនងខាងការពារជាតិ ក្នុងនោះរួមមានទាំងការបង្កើនការធ្វើសមយុទ្ធយោធា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធធំៗចំនួន ១០ ជាមួយថៃ ដែលបានសម្រេចចិត្តទិញនាវាមុជទឹកបីគ្រឿង និងរថក្រោះប្រយុទ្ធ ៤៨គ្រឿងមានតម្លៃ ១.០៣ពាន់លានដុល្លារពីចិន។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងស្តុកហូម (Stockholm) ប្រទេសស៊ុយអែត។
យ៉ាងណាមិញ ដោយមើលឃើញពីការកើនឡើងកាន់តែខ្លាំងនៃឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានផ្ដើមពង្រីងទំនាក់ទំនងជាមួយថៃឡើងវិញ នៅក្រោយការបោះឆ្នោតសកលកាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ បើទោះជាក្រុមអង្គការសិទ្ធិមនុស្សថៃជាច្រើនអះអាងថា គ្មានភាពត្រឹមត្រូវក៏ដោយ។ ជាក់ស្ដែងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ថែមទាំងស្វាគមន៍ថៃ ដែលបានត្រឡប់ទៅរកប្រជាធិបតេយ្យវិញទៀតផង កំឡុងបំពេញទស្សនកិច្ចក្នុងទីក្រុងបាងកក កាលពីខែសីហាកន្លងទៅ ខណៈក្រសួងរបស់លោកដាក់ចេញនូវយុទ្ធសាស្ត្រ នាំចេញអាវុធរបស់អាមេរិក «Buy American»។
លោក ផូល ឆេមប៊ឺស៍ (Paul Chambers) ជានាយកស្រាវជ្រាវនៃវិទ្យាស្ថានកិច្ចការតំបន់អាស៊ីអាគ្នេយ៍ នៅខេត្តឈៀងម៉ៃ (Chiang Mai) បានយល់ថា ការស្ដារទំនាក់ទំនងឡើងវិញជាមួយសហរដ្ឋអាមេរិក ក្នុងពេលបច្ចុប្បន្នគឺមានន័យថា ថៃកំពុងនាំខ្លួនឯងទៅឈរនៅលើចំនុចកណ្ដាល នៃការប្រកួតប្រជែងដណ្ដើមឥទ្ធិពលរវាងចិន និងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែអគ្គនាយកគោលនយោបាយ និងផែនការនៃក្រសួងការពារជាតិថៃ លោក រ៉ាក់សាក់ រ៉ូចភីមផុន (Raksak Rojphimphun) បានអះអាងថា ទីក្រុងបាងកក មិនអាចជ្រើសរើសថា ត្រូវនៅខាងចិន ឬអាមេរិកនោះឡើយ។
លោក Rojphimphun បានគូសបញ្ជាក់នាឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ក្នុងទីក្រុងបាងកក កាលពីវិច្ឆិកាយ៉ាងដូច្នេះថា៖ «វាគឺជាការបង្កើតតុល្យភាពតែប៉ុណ្ណោះ... យើងមិនអាចជ្រើសរើសថា នៅខាងណាមួយនោះទេពីព្រោះយើងចង់ធ្វើមិត្តជាមួយអ្នករាល់គ្នា។ ម្យ៉ាងវិញទៀត យើងគឺជាប្រទេសតូច ហើយយើងក៏មិនអាចជ្រើសរើសរវាងមិត្តរបស់ពួកយើងដែរ»។
គួរបញ្ជាក់ថា កាលពីខែសីហាប្រទេសថៃបានឱ្យដឹងថា ខ្លួននឹងទទួលបានរថពាសដែក Stryker ៧០គ្រឿងនៅត្រឹមដំណាច់ ឆ្នាំ២០១៩ នេះពីសហរដ្ឋអាមេរិក ហើយគ្រោងនឹងទិញ ៥០គ្រឿងបន្ថែម។ លើសពីនេះទៅទៀត ប៉ុន្មានខែក្រោយមកកងទ័ពថៃស្រាប់តែបង្ហើបថា ខ្លួនកំពុងចរចាទិញឧទ្ធម្ភាគចក្រអាមេរិក AH-6i ចំនួន ០៨គ្រឿងមានតម្លៃ ១៣៨លានដុល្លារ។
ការប្រកួតប្រជែងដណ្ដើមឥទ្ធិពលនៅក្នុងប្រទេសថៃរវាងចិន និងសហរដ្ឋអាមេរិក ក៏បានស្ដែងឡើងផងដែរ តាមរយៈការបង្កើនការធ្វើសមយុទ្ធយោធា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ថៃនៅតែបន្តទទួលរៀបចំសមយុទ្ធយោធា គំាទ្រដោយសហរដ្ឋអាមេរិកឈ្មោះ «Cobra Gold» ដែលជាសមយុទ្ធយោធាធំមួយ នៅក្នុងតំបន់អាស៊ី ហើយដែលឆ្នាំនេះមានប្រទេសចំនួន ២៩ចូលរួម ព្រមទាំងកងទ័ពអាមេរិក ៤,៥០០នាក់ និងមកពីចិនរាប់រយនាក់។ ម្យ៉ាងវិញទៀត បើតាមលោក អ៊ីយ៉ាន ស្តូរ៉េយ (Ian Storey) ជាមន្ត្រីជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន ISEAS–Yusof Ishak Institute ថៃគឺជាប្រទេសដែលបាន ចូលរួមប្រើប្រាស់បរិក្ខាយោធារួមគ្នា ក្នុងការលំហាត់សឹកជាមួយចិនច្រើនជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍។
គួរជម្រាបជូនផងដែរថា យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត ការលក់អាវុធធម្មតារបស់ចិនបានកើនឡើងពី ៦៤៤លានដុល្លារ ក្នុងឆ្នាំ២០០៨ ដល់ ១.០៤ពាន់លានដុល្លារនៅឆ្នាំ២០១៨ ស្របពេលសហរដ្ឋអាមេរិក នាំចេញអាវុធច្រើនជាង ៩ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំៗ គិតត្រឹមរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ពោលគឺគ្រាន់តែក្នុងឆ្នាំ២០១៨ អាមេរិកនាំចេញអាវុធទៅកាន់ទីផ្សារពិភពលោក ១០.៥ពាន់លានដុល្លារ។ ប៉ុន្តែថៃដែលមានកញ្ចប់ថវិការយោធាប្រចាំឆ្នាំ ៧.៧ពាន់លានដុល្លារ អាចនឹងងាកទិញអាវុធពីចិន ជំនួសសហរដ្ឋអាមេរិកដោយសារតែបញ្ហាតម្លៃ នៅក្នុងបរិបទដែលចិនសព្វថ្ងៃ គឺជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតទី ៥ នៅលើពិភពលោក៕
ប្រភព៖ Bangkok Post (ដកស្រង់នៅថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩)