(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភា ជុំវិញការបញ្ឈប់ការផ្ដល់ជំនួយចាំបាច់ សម្រាប់ស្ត្រី និងកុមារនៅក្នុងប្រទេសជាច្រើន នៃតំបន់អាមេរិកកណ្ដាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងលិខិតមួយផ្ញើជូនលោក ប៉ុមប៉េអូ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ អេលីយ៉ូត អេងហ្គែល (លោក Eliot Engel) និងលោក អាល់ប៊ីយ៉ូ ស៊ីរែស (Albio Sires) បានគូសបញ្ជាក់ដូច្នេះថា «យើងជឿជាក់ថា ការសម្រេចចិត្តផ្ទុយទៅនឹងផលប្រយោជន៍ ក្នុងការបញ្ឈប់ការផ្ដល់ជំនួយអាមេរិក ដល់ប្រទេសអែលសាល់វ៉ាឌឺ ហ្គាតេម៉ាឡា និងហុងដូរ៉ាស់ បាននិងកំពុងបំផ្លាញដល់ឥទ្ធិពលរបស់យើង នៅក្នុងទ្វីបអាមេរិក»។ លើសពីនេះទៅទៀត សមាជិកសភាអាមេរិកទាំង ០២នាក់ ក៏បានជំរុញផងដែរឱ្យលោក ប៉ុមប៉េអូ បើកភ្លើងខៀវដោយកញ្ចប់ថវិកាជំនួយ ៤៨លានដុល្លារនៅក្នុងឆ្នាំសាពើពន្ធ២០១៧ និង ៥២៧លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០១៩។
គួរជម្រាបថា សហរដ្ឋអាមេរិកបានបញ្ឈប់ការផ្ដល់ជំនួយដល់ប្រទេសអែលសាល់វ៉ាឌឺ ហ្គាតេម៉ាឡា និងហុងដូរ៉ាស់ កាលពីដើមឆ្នាំ២០១៩ ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ អះអាងថា ពួកគេមិនបានប្រឹងប្រែងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ ចូលមកកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែកាលពីខែតុលា រដ្ឋបាលលោក ត្រាំ បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយមួយផ្នែកឡើងវិញ ទៅដល់ប្រទេសទាំងបីនេះ ប៉ុន្តែលោក Eliot Engel ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្ត្រអាមេរិកបាននិយាយថា វាយឺតពេលទៅហើយ៕