(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ឲ្យបញ្ឈប់ការផ្តល់ប្រាក់កម្ចីទៅឲ្យប្រទេសចិនទៀត ដោយការទទូចនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីធនាគារពិភពលោកបានអនុម័តលើគំរោងផ្តល់ប្រាក់កម្ចីដល់ទីក្រុងប៉េកាំង ចំពោះមុខការជំទាស់របស់អាមេរិកនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។
ធនាគារពិភពលោកកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានអនុម័តទៅលើផែនការមួយ ក្នុងការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបក្នុងចំនួនពី ១ ទៅ ១.៥ពាន់លានដុល្លារអាមេរិកដល់ប្រទេសចិន ជាប្រចាំឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ២០២៥។ ការផ្តល់នេះត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះបើធៀបនឹងអំឡុង ០៥ឆ្នាំកន្លងទៅ ដែលចិនបានខ្ចីរហូតដល់ ១.៨ពាន់លានដុល្លារក្នុងមួយឆ្នាំជាមួយអត្រាការប្រាក់ទាបនេះ។
ជុំវិញការសម្រេចរបស់ World Bank ខាងលើ លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅក្នុង Twitter របស់លោកយ៉ាងដូច្នេះថា «ហេតុអ្វីបានជាធនាគារពិភពលោកឲ្យប្រាក់ទៅចិនខ្ចី? តើវាអាចទៅរួចដែរឬអ្វី? ចិនមានលុយច្រើនណាស់ ហើយបើពួកគេគ្មាននោះ ពួកគេក៏អាចបង្កើតលុយបានដែរ។ ដូច្នេះឈប់ឲ្យលុយចិនខ្ចីទៀតទៅ!...»។
គួរបញ្ជាក់ថា ចំពោះការបង្ហោះសារលើ Twitter ដោយលោក ត្រាំ ខាងលើនេះ បណ្តាញសារព័ត៌មាននានាមិនទាន់អាចសុំការអត្ថាធិប្បាយពីសេតវិមាន ឬមួយក៏តំណាងធនាគារពិភពលោកនោះឡើយ។ ដោយឡែក វាក៏មិនមែនជាលើកដំបូងដែរ ដែលលោក ដូណាល់ ត្រាំ ធ្វើការជំទាស់ចំពោះស្ថាប័នហិរញ្ញវត្ថុ ឬពាណិជ្ជកម្មអន្តរជាតិ ដែលតែងតែផ្តល់ការអនុគ្រោះដល់ប្រទេសចិន សិង្ហបុរី ឬប្រទេសមួយចំនួនទៀត ព្រោះកន្លងមកនេះលោក ត្រាំ ខ្លួនឯងបានចាត់ទុកថា ប្រទេសអាស៊ីទាំងនេះបានក្លាយជាប្រទេសអ្នកមាន និងមិនមែនកំពុងអភិវឌ្ឍនោះឡើយ៕