(ម៉ាឌ្រីត)៖ ក្រុមអ្នកវិទ្យាសាស្ត្រដែលកំពុងដឹកនាំការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងការប្រែប្រួល ធាតុអាកាសលើភពផែនដីបានព្រមានថា នៅពេលឆាប់ៗខាងមុខនេះ មនុស្សលើលោកលើភពផែនដី នឹងអាចសម្របបានចំពោះការកើតឡើងកម្តៅយ៉ាងរហ័ស និងធ្ងន់ធ្ងរ ហើយនេះក៏ជាសញ្ញានៃភាពគ្រោះថ្នាក់សម្រាប់ពិភពលោកកាន់តែខ្លាំងផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។
របាយការណ៍ថ្មីមួយដែលមានឈ្មោះថា The 10 New Insights in Climate Science ឬភាពស៊ីជម្រៅទាំង ១០ នៃវិទ្យាសាស្ត្រអាកាសធាតុបានពន្យល់ឲ្យគ្រប់គ្នាដឹងថា ការប្រែប្រួលបរិយាកាសកំពុងតែបង្ខំឲ្យមនុស្ស ទទួលយកនូវស្ថានការណ៍ក្តៅបែបនេះជាបណ្តើរៗ ហើយបើទោះបីជាដំបូងឡើយមនុស្សគិតថា វាជារឿងមិនសមគួរ ឬកម្រយ៉ាងណាក៏ដោយ តែយូរៗទៅវាប្រាកដជានឹងក្លាយជារឿងធម្មតា ថ្មីមួយជាក់ជាមិនខាន។
ការប្រែប្រួលបរិយាកាសភពផែនដីពិតណាស់ថា បានបង្ហាញលទ្ធផលជាក្រក់ៗជាច្រើន នៅកំឡុងឆ្នាំ២០១៩ នេះតែម្តង ជាពិសេសបញ្ហាភ្លើងឆេះព្រៃ អាកាសធាតុក្តៅស្ងួតមិនធ្លាប់មាន នៅតំបន់មួយចំនួន និងព្យុះសង្ឃរាកំណាចៗជាច្រើន។ អត្ថន័យមួយចំនួនក្នុងរបាយការណ៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពិភពលោកមិនបានស្ថិតក្នុងគន្លងដ៏ត្រឹមត្រូវឡើយ...។ ការប្រែប្រួលអាកាសធាតុ គឺកាន់តែលឿន និងអាក្រក់ជាងការរំពឹងទុក... ទោះបីជាមានការបរិច្ចាគជាច្រើនក្តី ប៉ុន្តែសង្វាក់ផលិតកម្មដែលត្រូវការចំហេះឥន្ធនៈហ្វូស៊ីល នៅតែកំពុងកើនឡើង ហើយមេដឹកនាំពិភពលោកមិនទាន់ប្តេជ្ញាចិត្តក្នុងការកាត់បន្ថយវា តាមដែលអាចធ្វើទៅរួចនោះឡើយ...»។
គួរបញ្ជាក់ថា ការព្រមានខាងលើនេះគឺជាការក្រើនរំលឹកចុងក្រោយ ដើម្បីឲ្យមនុស្សលោកស្វែងយល់ថា ទោះបីជាខ្លួនយើងអាចវិវឌ្ឍទៅសម្របបាន ចំពោះបរិយាកាសដ៏អាក្រក់ក៏ដោយ ប៉ុន្តែជីវៈចំរុះនៅជុំវិញយើងដូចជា ដំណាំកសិកម្ម សត្វចិញ្ចឹមនានា និងប្រភពនៃចំណីអាហារសំខាន់ៗរបស់មនុស្ស នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ជាក់ស្តែងដូចជាបញ្ហានៅអាស៊ី អាមេរិកខាងត្បូង និងអាហ្វ្រិកជាដើម ដែលបានកើតឡើងរួចទៅហើយនៅក្នុងឆ្នាំ២០១៩នេះ ដោយផលដំណាំនានាបានធ្លាក់យ៉ាងគំហុក ព្រោះតែការកើនឡើងនៃកាបូនឌីអុកស៊ីតក្នុងបរិយាកាស បានធ្វើឲ្យដំណាំជាច្រើនថមថយទិន្នផល៕