(បាកដាដ)៖ អាជ្ញាធរអ៊ីរ៉ាក់បានឱ្យដឹងថា មនុស្សយ៉ាងហោច ១៥នាក់បានស្លាប់ ក្រោយខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារ ទោលើហ្វូងបាតុករក្នុងទីក្រុងបាកដាដកាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមក្រុមមន្ត្រីសន្តិសុខអ៊ីរ៉ាក់មនុស្សច្រើនជាង ៤០នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ហើយក្នុងចំណោមអ្នកស្លាប់មាន ០៣នាក់ជាមន្ត្រីសន្តិសុខ បន្ទាប់ពីខ្មាន់កំាភ្លើងមិនស្គាល់អត្តសញ្ញាម្នាក់ បើកការបាញ់ប្រហារលើហ្វូងបាតុករ ចេញពីរថយន្ដមួយគ្រឿង។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួល ខុសត្រូវលើការបាញ់ប្រហារដ៏អាក្រក់នេះនៅឡើយទេ។
គួរបញ្ជាក់ថា ប្រជាជនអ៊ីរ៉ាក់បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងអំពើពុករលួយ និងទាមទារឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ ហើយបើទោះជាលោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) បានប្រកាសថា នឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ក៏ដោយ ក៏ក្រុមបាតុករមិនទាន់ស្ងប់ចិត្តនៅឡើយដែរ ខណៈចំនួនអ្នកស្លាប់ក្នុងបាតុកម្មដ៏ហិង្សាបានកើនដល់ច្រើនជាង ៤០០នាក់ក្នុងរយៈពេលជាង ២ខែមកនេះ៕