(អ៊ីស្រាអែល)៖ ក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសថា នាថ្ងៃសុក្រនេះ អ៊ីស្រាអែលបានបាញ់សាកល្បងដោយជោគជ័យនូវ ប្រព័ន្ធមីស៊ីលស៊េរីថ្មី ដែលជាផ្នែកនៃផែនការធ្វើទំនើបកម្មលើប្រព័ន្ធមីស៊ីលការពារជាតិរបស់ខ្លួន។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន Sputnik នៅយប់ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងការពារជាតិអ៊ីស្រាអែលបានបង្ហោះសារលើបណ្តាញសង្គម Twitter ថា កងកម្លាំងការពារជាតិ ទើបតែធ្វើតេស្តបាញ់ប្រព័ន្ធ មីស៊ីលថ្មីមួយ ចេញពីមូលដ្ឋានមួយកន្លែងនៅភាគកណ្តាលប្រទេសអ៊ីស្រាអែល ខណៈការសាកល្បងនោះត្រូវបានគ្រោងទុកមុន និងប្រព្រឹត្តទៅដោយជោគជ័យ តាមការរំពឹងទុកទាំងអស់។

កាលពីខែកក្កដា ឆ្នាំ២០១៩នេះ អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បានធ្វើបាញ់តេស្តដោយជោគជ័យនូវប្រព័ន្ធមីស៊ីលការពារដែន អាកាស Arrow-3 នៅឯរដ្ឋ Alaska របស់អាមេរិក។ មីស៊ីលនេះត្រូវបានអភិវឌ្ឍន៍ឡើងរួមគ្នា រវាងក្រុមហ៊ុនអ៊ីស្រាអែល Israel Aerospace Industries និងក្រុមហ៊ុនអាមេរិក Boeing។ សមត្ថភាពរបស់វា គឺវាអាចបាញ់ស្ទាក់គោលដៅដែលនៅក្រៅស្រទាប់ បរិយាកាសបាន។

គួរជម្រាបថា កងកម្លាំងមីស៊ីលការពារអាកាសរបស់អ៊ីស្រាអែល សព្វថ្ងៃប្រើប្រាស់ប្រព័ន្ធមីស៊ីល Patriot និង Arrow ព្រមទាំង Iron Dome ដើម្បីការពារប្រទេសរបស់ខ្លួនពីការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតនិងមីស៊ីលរបស់ក្រុមសកម្មប្រយុទ្ធនៅដែនដីប៉ាឡេស្ទីន និងស៊ីរីជាដើម៕