(ប៉េកាំង)៖ ប្រទេសចិននឹងលើកលែងពន្ធ ទៅលើទំនិញនាំចូលពីអាមេរិកមួយចំនួនដូចជា សណ្តែងសៀង និងសាច់ជ្រូកជាដើម ដែលនេះត្រូវបានគេមើលឃើញថា ជាសញ្ញាថ្មីចុងក្រោយមួយ ដើម្បីបន្ថយកម្តៅពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ខណៈអាមេរិកទើបព្រមានថា នឹងដាក់ទណ្ឌកម្មលើចិន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។
រយៈពេលជាងមួយឆ្នាំមកហើយ ដែលសហរដ្ឋអាមេរិក និងប្រទេសចិន បានធ្វើការដំឡើងពន្ធលើទំនិញដាក់គ្នាទៅវិញទៅមក ដែលមានតម្លៃសរុបរាប់រយពាន់លានដុល្លារ។ ទោះបីជាមានការចរចាពាណិជ្ជកម្មជាច្រើនលើកក៏ដោយ តែសង្គ្រាមនេះហាក់មិនទាន់មានសញ្ញាថា នឹងអាចធូរស្រាលជាផ្លូវការនោះឡើយ ខណៈការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១» នៅមិនទាន់ធ្វើឡើងនៅឡើយ។
គួរបញ្ជាក់ថា គំរោងលើកលែងពន្ធរបស់ចិន ទៅលើទំនិញមួយចំនួនរបស់អាមេរិក គឺធ្វើឡើងទៅតាមកិច្ចព្រមព្រៀងតូចមួយរវាងមន្ត្រីអាមេរិក និងចិននៅទីក្រុងវ៉ាស៊ីនតោនកាលពីពេលថ្មីៗនេះ ដោយកាលណោះចិនបានសន្យាបង្កើនការទិញ ផលិតផលកសិកម្មអាមេរិក។ បន្ថែមពីនេះវាក៏នឹងត្រូវធ្វើឡើង នៅមុនពេលដែលទណ្ឌកម្មសហរដ្ឋអាមេរិក គ្រោងនឹងដាក់លើចិននៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះផងដែរ៕