(សេអ៊ូល)៖ ខ្ញុំគឺជាស្ត្រីធម្មតាម្នាក់ដែលលែងចាប់អារម្មណ៍ ក្នុងការមានទំនាក់ទំនងស្នេហា ឬរៀបការជាមួយបុរស, នេះគឺជាសម្ដីចេញពីមាត់ស្រ្តីកូរ៉េខាងត្បូងម្នាក់ ដែលបានប្ដេជ្ញាចិត្តមិនយកប្ដីរហូតដល់ស្លាប់ ខណៈក្នុងសង្គមកូរ៉េខាងត្បូងត្រូវបានគេស្ទាបស្ទង់ដឹងថា មានស្ត្រីកាន់តែច្រើនឡើងមិនចង់រៀបការ ឬបង្កើតកូនចៅជំនាន់ក្រោយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន AFP នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។
បុននី លី (Bonnie Lee) ជាស្ត្រីម្នាក់អាយុ ៤០ឆ្នាំ និងមានសញ្ញាប័ត្រអនុបណ្ឌិតចំនួនពីរ ហាក់មិនបានខ្វាយខ្វល់ឡើយពីការស្វែងរកមិត្តប្រុស ឬបុរសម្នាក់ជាគូអនាគត ដោយនាងមានបំណងរស់នៅទៅតាមសុភមង្គល ដែលខ្លួនឯងចង់បាន។ ប៉ុន្តែ Lee មិនមែនជាមនុស្សស្រីតែម្នាក់ ដែលសម្រេចចិត្តមិនចង់យកប្ដីនោះទេ ពោលគឺបច្ចុប្បន្នមានស្ត្រីកូរ៉េខាងត្បូងកាន់តែច្រើន បាននិងកំពុងដើរតាមគន្លងមួយនេះ ហើយវាក៏ជាការបង្ហាញថា សង្គមកូរ៉េខាងត្បូងកំពុងដើរទៅរកបញ្ហា ដែលសង្គមជប៉ុនកំពុងជួបប្រទះ។
ជាក់ស្ដែងបើតាមការស្ទង់មតិជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីជាងមួយទសវត្សរ៍មុន ស្ត្រីនៅលីវប្រមាណជិត ៤៧ភាគរយបាននិយាយថា ពួកគេចាត់ទុកថា «ការរៀបការជារឿងសំខាន់»។ ប៉ុន្តែកាលពីឆ្នាំ២០១៨ ចំនួននេះបានធ្លាក់នៅត្រឹម ២២.៤ភាគរយតែប៉ុណ្ណោះ ខណៈចំនួនអ្នករៀបការជាប្ដីប្រពន្ធ បានធ្លាក់ចុះមកនៅត្រឹម ២៥៧,៦០០នាក់ បើធៀបទៅនឹងឆ្នាំ១៩៩៦ មានរហូតដល់ ៤៣៤,៩០០នាក់។
សម្រាប់មូលហេតពិតប្រាកដនៃការធ្លាក់ចុះខាងលើនេះ គឺមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែកូរ៉េខាងត្បូងត្រូវបានគេស្គាល់ថា ជាសង្គមបែបអភិរក្សនិយម និងបិតាធិបតេយ្យ ឬក៏យកបុរសជាធំ ដែលជារឿយៗស្ត្រីជាប្រពន្ធមួយចំនួន មានភារកិច្ចធំៗជាច្រើនក្នុងគ្រួសារ ក្នុងនោះរួមមានទាំងការចិញ្ចឹមកូន ធ្វើការរកលុយ និងថែទាំសាច់ថ្លៃជាដើម។
ក៏ប៉ុន្តែបើតាមអ្នកនាង Lee បញ្ហាធំនោះគឺមកពីប្រព័ន្ធសង្គមកូរ៉េតែម្ដង។ អ្នកនាង Lee បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំយល់ថាសង្គមមួយនេះគឺជាប្រព័ន្ធរស់នៅមួយ ដែលខ្ញុំមិនអាចទទួលស្គាល់ខ្លួនឯងជាមនុស្សស្រី និងត្រូវប្រឈមមុខជាមួយបុរស ក្នុងរឿងរៀបការ ឬជួបគូណាត់ ហើយបើនិយាយឱ្យចំ រឿងទាំងនេះគ្មានន័យសម្រាប់ខ្ញុំឡើយ»។
បន្ថែមពីខាងលើនេះទៅទៀត ក្រៅពីអ្នកនាង Bonnie Lee ស្ត្រីកូរ៉េខាងត្បូងជាច្រើននាក់ ដូចជាកញ្ញា យូន ជីហេ (Yoon Ji-hye) មានអាយុ ២៤ឆ្នាំជាដើម ក៏មានគំនិតមិនចង់រកគូស្រករដែរ ហើយថែមទាំងចូលរួមជាមួយចលនាប្រឆាំងការរៀបការ ឬគេស្គាល់ថា "4B" ឬ "Four Nos" ទៀតផង។ ចលនានេះមានវត្ថុបំណង ០៤ នោះគឺ គ្មានគូណាត់, គ្មានការរួមភេទ, គ្មានការរៀបការ និងគ្មានចិញ្ចឹមកូន។
គួរជម្រាបថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានព្យាករណ៍ថា ប្រជាជនកូរ៉េខាងត្បូងបច្ចុប្បន្ន ៥៥លាននាក់នឹងធ្លាក់ទៅដល់ ៣៩លាននាក់នៅឆ្នាំ២០៦៧ ហើយប្រជាជនពាក់កណ្ដាល នឹងក្លាយជាមនុស្សចាស់មានអាយុ ៦២ឆ្នាំឡើងទៅ។ ជាក់ស្តែងបញ្ហានេះ គឺកូរ៉េខាងត្បូងទើបតែជួបប្រទះជាបណ្តើរៗប៉ុណ្ណោះ ខណៈជប៉ុនវិញគឺកំពុងតែក្លាយជាវិបត្តិធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលទីក្រុងតូក្យូ ក៏ហាក់មិនទាន់មាននយោបាយប្រកបដោយប្រសិទ្ធភាពណាមួយ ដើម្បីដោះស្រាយបញ្ហានេះដែរ៕