(ម៉ូស្គូ)៖ អាជ្ញាធរនៅកំពង់ផែនៃប្រទេសសិង្ហបុរី បានរឹបអូសកប៉ាល់ដឹកជញ្ជូនមួយគ្រឿងឈ្មោះ សេវាស្តូវផូល (Sevastopol) របស់រុស្ស៊ី រួមនិងនាវិកជនជាតិរុស្ស៊ីចំនួន ១២នាក់ ដោយពាក់ព័ន្ធនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មាន Sputnik នារសៀលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩។
កាលពីខែសីហា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានកត់ឈ្មោះក្រុមហ៊ុនរុស្ស៊ីចំនួនពីរ ក្នុងនោះមានទាំងក្រុមហ៊ុនដឹកជញ្ជូន ហ្គូដហ្សូន (Gudzon) និងកប៉ាល់ចំនួន ០៦គ្រឿង ដោយរួមមានទាំងកប៉ាល់ Sevastopol ផងដែរទៅក្នុងបញ្ជីទណ្ឌកម្ម ទាក់ទិននឹងប្រទេសកូរ៉េខាងជើង។ ក្រសួងហិរញ្ញវត្ថុរបស់អាមេរិកបានអះអាងថា ក្រុមហ៊ុន និងកប៉ាល់ទាំងនោះបានចូលរួមពាក់ព័ន្ធការដឹកជញ្ជូន ផលិតផលប្រេងចម្រាញ់ហើយ ទៅកូរ៉េខាងជើង។
យោងតាមការបញ្ជាក់របស់ លោក អូឡេក អានីគីន (Oleg Anikin) ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុន Gudzon នៅពេលប៉ាល់ Sevastopol បានធ្វើដំណើរទៅសិង្ហបុរី ម៉ាស៊ីនសម្រាប់ផលិតថាមពលអគ្គិសនីនៅលើប៉ាល់បានខូច។ ខាងកប៉ាល់រុស្ស៊ី ក៏បានទាក់ទងជាមួយក្រុមហ៊ុនជួសជុលរបស់សិង្ហបុរី ប៉ុន្តែដោយសារតែស្ថិតក្រោមទណ្ឌកម្មអាមេរិក សឹងតែគ្មានក្រុមហ៊ុនសិង្ហបុរីណា ហ៊ានផ្តល់សេវាជួសជុលឲ្យកប៉ាល់ Stevastopol ឡើយ ហើយក្រុមហ៊ុនដែលយល់ព្រមជួសជុលវិញ បានទាមទារថ្លៃសេវាខ្ពស់កប់ពពក។
លោក Anikin បាននិយាយថា ខាងក្រុមហ៊ុនលោកបានព្យាយាមបញ្ជូនជាងពីររុស្ស៊ីទៅដែរ ប៉ុន្តែអាជ្ញាធរសិង្ហបុរីមិនអនុញ្ញាតឲ្យឡើងទៅលើកប៉ាល់ Stevastopol នោះទេ ក្រោមហេតុផលជាច្រើន។ ជាលទ្ធផលបំណុលក៏បានរីកធំឡើង សម្រាប់ការចតកប៉ាល់ ហើយអាជ្ញាធរសិង្ហបុរី ក៏បានសម្រេចរឹបអូសយកកប៉ាល់ Stevastopol តែម្តង។ យ៉ាងណាមិញ លោក Anikin ពុំបានបញ្ជាក់ថា បំណុលនោះមានទំហំប៉ុន្មានឡើយ។
គួរជម្រាបថា អាជ្ញាធរសិង្ហបុរីកំពុងស្នើទៅកាន់តុលាការ ដើម្បីរង់ចាំការអនុញ្ញាតលក់កប៉ាល់នេះ។ តុលាការសិង្ហបុរីនឹងបើកសវនាការជុំវិញ សំណើនេះនៅថ្ងៃទី១៧ ខែធ្នូ ខណៈសិង្ហបុរីរំពឹងថា នឹងទទួលបានកប៉ាល់ Stevastopol ហើយបន្ទាប់មកទណ្ឌកម្មអាមេរិកនឹងត្រូវដកចេញ រួចកប៉ាល់ដឹកជញ្ជួននោះនឹងអាចត្រូវលក់បាន។ ដោយឡែកបើតាមលោក Anikin ក្រុមហ៊ុន Gudzon កំពុងទាក់ទងជាមួយស្ថានកុងស៊ុលរុស្ស៊ីនៅសិង្ហបុរី៕