(វ៉ាស៊ីនតោន)៖ ទូរទស្សន៍ Fox News បានរាយការណ៍ថា មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក កំពុងពិចារណាបញ្ជូនកងទ័ពបន្ថែម ៧,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់ ដែលចេះតែកើនឡើងឥតឈប់ឈរ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។
ទូរទស្សន៍ Fox News ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើមន្ត្រីការពារជាតិអាមេរិកពីរនាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានបញ្ជាក់រដ្ឋមន្ត្រីការពារជាតិលោក ម៉ាក អ៊ែស្ពើ (Mark Esper) មិនទាន់ធ្វើការសម្រេចចិត្តណាមួយនៅឡើយទេ។
ប៉ុន្តែបើតាមព័ត៌មានដាច់ដោយឡែកមួយទៀត ចេញផ្សាយដោយកាសែតអាមេរិក New York Times ទីក្រុងវ៉ាស៊ីនតោន អាចនឹងបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកអះអាងថា ពួកគេប្រមូលបានព័ត៌មានថាអ៊ីរ៉ង់កំពុងកេងចំណេញពីភាពចលាចល ដោយសារបាតុកម្មតវ៉ាក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីលួចលាក់ដំឡើងមីស៊ីលបាលិស្ទីគរយៈចំងាយខ្លី លើទឹកដីប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់កងទ័ពអាមេរិកក្នុងតំបន់។
គួរបញ្ជាក់ថា នាប៉ុន្មានខែចុងក្រោយនេះ ក្រសួងការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា បានបញ្ជូនកងទ័ពបន្ថែម ១៤,០០០នាក់ និងសព្វាវុធជាច្រើនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីចូលរួមជាមួយកងទ័ពអាមេរិក ៦០,០០០នាក់ កំពុងឈរជើងស្រាប់នៅក្នុងតំបន់មួយនេះ។ ប៉ុន្តែកាលពីថ្ងៃពុធកន្លងទៅ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានទាត់ចោលព័ត៌មាននេះ ដែលត្រូវបានរាយការណ៍មុនគេដោយកាសែត Wall Street Journal ដោយចាត់ទុកថាវាគឺជារឿងមិនពិត៕