(ប៊ែរឡាំង)៖ ប្រទេសធំៗប្រចាំនៅអឺរ៉ុបគឺ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា កំពុងតែអភិវឌ្ឍគ្រាប់មីស៊ីលផ្លោងបាលីស្ទីក (អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងផ្លោងរំលងទ្វីប) ខណៈរដ្ឋមន្រ្តីការបរទេសរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានចេញមុខច្រានចោលវិញថា វាគឺជាការភូតកុហកសុទ្ធសាធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងសារលិខិតមួយផ្ញើជូនទៅកាន់ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងបី ប្រចាំស្ថាប័នកំពូលមួយនេះបានលើកឡើងថា សកម្មភាពរបស់ប្រទេសអ៊ីរ៉ង់ គឺមិនស្របទៅតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធជាមួយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ នោះឡើយ។
ជាការឆ្លើយតបចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរខាងលើនេះ ប្រមុខការទូតអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានបង្ហោះសារលើគណនី បណ្តាញសង្គម Twitter របស់លោកថា អឺរ៉ុបកំពុងតែព្យាយាមបិទបាំងការខ្វះសមត្ថភាពរបស់ខ្លួន ក្នុងការគោរពទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយឱនក្បាលដាក់សហរដ្ឋអាមេរិក។
អង់គ្លេស បារាំង និងអាល្លឺម៉ង់បានចោទប្រកាន់អ៊ីរ៉ង់បែបនេះ ដោយយោងទៅលើឃ្លីបវីដេអូ ដែលត្រូវបានចែកចាយលើបណ្តាញសង្គម កាលពីខែមេសា ឆ្នាំ២០១៩ ដែលបង្ហាញពីការធ្វើបាញ់តេស្តមីស៊ីលផ្លោង រយៈចម្ងាយមធ្យម ហ្សាបាប់៣ (Shabab-3)។ មិនតែប៉ុណ្ណោះ ប្រទេសអឺរ៉ុបទាំងបីក៏បានលើកឡើងនូវការធ្វើតេស្តមីស៊ីល ៣ លើកផ្សេងទៀតក្នុងឆ្នាំនេះផងដែរ ដែលរួមទាំងការបាញ់សាកល្បងមីស៊ីលផ្លោងចម្ងាយមធ្យម ប័រកាន់ (Borkan) ធ្វើឡើងក្រុមសកម្មប្រយុទ្ធ ហួធី (Houthi) នៅយេម៉ែនកាលពីដើមខែសីហាកន្លងទៅ។
គួរជម្រាបថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ផ្តល់ឲ្យអ៊ីរ៉ង់នូវការបន្ធូរបន្ថយទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ជាថ្នូរនឹងការដាក់កំហិតលើកម្មវិធី អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ ប៉ុន្តែចាប់តាំងតែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តលក្ខណៈ ឯកតោភាគីដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់នេះ កាលពីខែឧសភា ឆ្នាំ២០១៨ វាកំពុងតែប្រឈមមុខការរលាយសាបសូន្យ។ កិច្ចព្រមព្រៀងដែលមានឈ្មោះផ្លូវការថា JCPOA នេះត្រូវបានព្រមព្រៀងគ្នារវាងអ៊ីរ៉ង់ ព្រមទាំងចក្រភពអង់គ្លេស បារាំង ចិន អាល្លឺម៉ង់ រុស្ស៊ី និង អាមេរិក៕