(ប៉ូឡូញ)៖ មនុស្សចំនួន៨នាក់ ក្នុងនោះមានកុមារ៤នាក់បានបាត់បង់ជីវិត នៅពេលអគារកម្ពស់៣ជាន់មួយខ្នងបានដួលរំលំ នៅក្រុង Szczyrk ភាគខាងត្បូង ប្រទេសប៉ូឡូញ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅយប់ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។
អាជ្ញាធរប៉ូឡូញបានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ហេតុការណ៍ស្រុតអគារខាងលើបានកើតឡើងកាលពីយប់ថ្ងៃពុធ បន្ទាប់ពីមាន ការផ្ទុះបំពង់ឧស្ម័ននៅទីនោះ។ ខណៈអគារបានរលំកំឡុងម៉ោង០៦៖៣០នាទីយប់ថ្ងៃពុធ សាកសពជនរងគ្រោះ២នាក់ចុងក្រោយ ក្នុងចំណោម៨នាក់ ទើប ត្រូវបានរកឃើញនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រោយប្រតិបត្តិការជួយសង្រ្គោះដែលបានប្រព្រឹត្តយ៉ាង សស្រាក់ សស្រាំ ក្រោមការចូលរួមពីក្រុមភ្នាក់ងារពន្លត់អគ្គីភ័យជាង១០០នាក់។ មនុស្សទាំង៨នាក់នោះ ទំនងជាមកពីគ្រួសារពីរ ផ្សេងគ្នា។
គួរជម្រាបថា ការិយាល័យរដ្ឋអាជ្ញាប៉ូឡូញ បានបើកការស៊ើបអង្កេតជុំវិញករណីសោកនាដកម្មនេះ ខណៈសាកសពនឹងត្រូវឆ្លងកាត់ ការធ្វើកោសល្យវិច្ច័យ។ បន្ទាប់ពីមានហេតុការណ៍នេះ ការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់កើតហេតុ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ អាជ្ញាធរប៉ូឡូញបាននិយាយថា ពុំមានជនរងគ្រោះណាផ្សេងៗ ក្រៅពីជនរងគ្រោះទាំង០៨នាក់ខាងលើឡើយ ដូច្នេះប្រតិបត្តិការ រុករកនិងជួយសង្រ្គោះមិនបន្តទៀតទេ៕