(ម៉ាឌ្រីត)៖ អង្គការឃ្លាំមើលរបស់អាល្លឺម៉ង់ (Germanwatch) បានចេញរបាយការណ៍ប្រចាំឆ្នាំមួយហៅថា The Global Climate Risk Index 2020។ ក្នុងនោះជប៉ុនបានជាប់ជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកអំឡុងឆ្នាំ២០១៨ និងតាមពីក្រោយ ដោយហ្វីលីពីន អាល្លឺម៉ង់ ម៉ាដាហ្គាស្កា និងឥណ្ឌា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។
ប្រទេសជប៉ុនស្ថិតនៅកំពូលតារាងដោយសារតែក្នុងឆ្នាំ២០១៨ គ្រោះធម្មជាតិធ្ងន់ៗចំនួន ០៣បានវាយប្រហារទៅលើជប៉ុន។ កំឡុងថ្ងៃទី៦-៨ ខែកក្កដា ឆ្នាំ២០១៨ ទឹកជំនន់ និងបំណាក់ដីបានផ្តាច់ជីវិតមនុស្សជាង ២០០នាក់ និងបំផ្លាញលំនៅឋានជាង ៥,០០០ខ្នង ហើយបង្ខំឲ្យប្រជាជនជប៉ុនដល់ទៅ ២.៣លាននាក់ជម្លៀសខ្លួន។ បន្ទាប់មកចន្លោះពាក់កណ្តាលខែកក្កដា និងខែសីហា ឆ្នាំដដែល បាតុភូតរលកកម្តៅបានបង្កឲ្យមនុស្ស ១៣៨នាក់ស្លាប់ និងជាង ៧,០០០នាក់ត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ។ បន្តមកទៀតនៅខែសីហា ឆ្នាំ២០១៨ ព្យុះទីហ្វុង ជេប៊ី (Jebi) ដែលមានថាមពលដ៏ខ្លាំងក្លា បានបង្កការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចជប៉ុនទំហំជាង ១២ពាន់លានដុល្លារ។ មនុស្ស១,២៨២នាក់បានបាត់បង់ជិវិត ដោយសារគ្រោះធម្មជាតិនៅជប៉ុនក្នុងឆ្នាំ២០១៨។
ចំណែកហ្វីលីពីនបានទទួលរងការវាយប្រហារយ៉ាងដំណំបំផុត ដោយព្យុះទីហ្វុងកំណាចឈ្មោះ មង្ឃុត (Mangkhut) កាលពីខែកញ្ញា ឆ្នាំ២០១៨។ ព្យុះទីហ្វុងនេះបានបង្កផលប៉ះពាល់ដល់មនុស្សជាង ២៥០,០០០នាក់ នៅទូទាំងប្រទេសហ្វីលីពីន។
កាលពីអំឡុងឆ្នាំ២០១៨ អាល្លឺម៉ងបានទទួលរងការកើនឡើងកម្តៅអាកាសធាតុយ៉ាងខ្លាំង នៅចន្លោះខែមេសា និងខែកក្កដា និងបណ្តាលឲ្យមនុស្ស ១,២៣៤នាក់ស្លាប់ ហើយនៅខែតុលា ក៏បានជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរថែមទៀត។
ដោយឡែកនៅប្រទេសដីកោះនៃតំបន់អាហ្វ្រិក «ម៉ាដាហ្គាស្កា» បានរងគ្រោះដោយសារព្យុះស៊ីក្លូន អាវ៉ា (Ava) នៅដើមឆ្នាំ២០១៨ និងមួយទៀតឈ្មោះ អេលៀគីម (Eliakim) នៅខែមីនា ឆ្នាំដដែល។ ព្យុះស៊ីក្លូនទាំងនេះបានបង្ខំឲ្យមនុស្សប្រមាណ ៧០,០០០នាក់ត្រូវជម្លៀសខ្លួន។
ចន្លោះខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០១៨ ឥណ្ឌាបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយសាររដូវភ្លៀងជាពិសេសនៅរដ្ឋ ឃើរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេស ជាទីដែលមនុស្សជាង ៣២៤នាក់បានស្លាប់ដោយលង់ទឹក ឬក៏កប់ក្រោមគ្រោះបំណាក់ដី ក្រោយគ្រោះទឹកជំនន់ដ៏អាក្រក់ បានជន់លិចស្ទើរតែពាសពេញរដ្ឋ និងបង្ខំឲ្យមនុស្សជាង ២២០,០០០នាក់ជម្លៀសខ្លួន ហើយលំនៅឋាន ២០,០០០ខ្នង និងទំនប់ ៨០កន្លែងត្រូវបានបំផ្លិចបំផ្លាញ។ ជនរងគ្រោះសរុបដល់ទៅ ២,០៨១នាក់ បានបាត់បង់ជីវិតដោយសារតែគ្រោះធម្មជាតិ នៅទូទាំងឥណ្ឌាក្នុងឆ្នាំ២០១៨។
គួរជម្រាបថា របាយការណ៍ The Global Climate Risk Index 2020 ត្រូវបានអង្គការ Germanwatch រៀបចំឡើងក្រោយការវាយតម្លៃទៅលើប្រទេសសរុបចំនួន ១៨១ ដោយផ្អែកទៅតាមទំហំប៉ះពាល់នៃជីវិតមនុស្ស បូករួមជាមួយការខាតបង់ផ្នែកសេដ្ឋកិច្ចនៃប្រទេសទាំងនោះ ដែលបង្កឡើងដោយគ្រោះធម្មជាតិ ចំពោះមុខបញ្ហាបម្រែបម្រួលអាកាសធាតុសកល៕