(ហូណូលូលូ)៖ យោធាអាមេរិកបានអះអាងថា ខ្លួនកំពុងតែធ្វើការត្រួតពិនិត្យ ក្រោយពីមានសេចក្តីរាយការណ៍អំពីការបាញ់បោះ នៅក្នុងកំពង់ផែនាមូលដ្ឋានទ័ពជើងទឹក ភាលហាប៊ឺ (Pearl Harbor) កាលពីវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃពុធ (ម៉ោងនៅកោះហាវ៉ៃកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Fox News នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩។
ជុំវិញបញ្ហានេះកាពីទែនក្រុមពន្លត់អគ្គីភ័យប្រចាំទីក្រុងហូណូលូលូ លោក ស្កុក សេហ្គីរ៉េនត៍ (Scot Seguirant) បានបញ្ជាក់ថា ក្រុមពន្លត់អគ្គីភ័យក៏ត្រូវបានបញ្ជូនឲ្យទៅកាន់មូលដ្ឋានខាងលើនេះ ដើម្បីគ្រប់គ្រងស្ថានការណ៍ផងដែរ។ មិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ថា តើការបាញ់បោះនោះត្រូវបានបង្កឡើងដោយនរណា ឬក៏មានអ្នករងរបួសប៉ុន្មាននាក់នោះឡើយ។
គួរបញ្ជាក់ថា មូលដ្ឋានទ័ព Pearl Harbor គឺជាទីតាំងឈរជើងដ៏សំខាន់មួយ របស់សហរដ្ឋអាមេរិកប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក ហើយនៅថ្ងៃសុក្រសប្តាហ៍នេះ គឺត្រូវនឹងខួបឆ្នាំទី ៧៨ ហើយដែលមូលដ្ឋានបានរងការវាយប្រហារពីកងទ័ពអាកាសជប៉ុន ដែលកាលណោះត្រូវបានគេដឹងថា ជាការអូសអាមេរិកចូលសង្គ្រាមលោកលើកទី ២៕