(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាទើបតែបានផ្តល់ ទូកល្បឿនលឿនសម្រាប់ល្បាតដែនសមុទ្រមួយគ្រឿង ដល់ប្រទេសដែនកោះម៉ាល់ឌីវ ដែលទំនងជាក្រោមគោលបំណងដើម្បីប្រឡងប្រណាំងឥទ្ធិពលជាមួយចិន ។ នេះ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាច ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ការផ្តល់ទូកល្បាតខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការបោះមូលដ្ឋានទ័ពចិន នៅលើទឹកដីម៉ាល់ឌីវកាលពីឆ្នាំ ២០១៨។ ក្នុងឆ្នាំនេះ ឥណ្ឌាក៏បានសាងសង់នូវប្រព័ន្ធរ៉ាដាឃ្លាំមើលស្ថានការណ៍ តាមបណ្តោយឆ្នេរសមុទ្រ និងមូលដ្ឋានហ្វឹកហ្វឺនសម្រាប់ យោធាម៉ាល់ឌីវផងដែរ។ រីឯកាលពីឆ្នាំមុន ឥណ្ឌាបានសន្យាផ្តល់កញ្ចប់ជំនួយហិរញ្ញវត្ថុទំហំ១.៤ពាន់លានដុល្លារដល់ ម៉ាល់ឌីវ ព្រមទាំង អាហារូបករណ៍បន្ថែមចំនួន១,០០០កន្លែង សម្រាប់សិស្ស-និស្សិតមកពីម៉ាល់ឌីវ ក្នុងអំឡុងពេល៥ឆ្នាំថែមទៀតផង។
គួរជម្រាបថា ប្រទេសដែនកោះម៉ាល់ឌីវ ស្ថិតនៅចម្ងាយតែប៉ុន្មានរយគីឡូម៉ែត្រប៉ុណ្ណោះ ពីឆ្នេរភាគខាងលិចរបស់ឥណ្ឌា និងមានទីតាំងនៅចំ តំបន់ដែលមានលក្ខណៈភូមិសាស្រ្តយ៉ាងអំណោយផល ជាហេតុធ្វើឲ្យទីក្រុងញូដេលីមានការចាប់អារម្មណ៍ជាខ្លាំង។ ក៏ប៉ុន្តែកន្លងមកនេះ ចិនដែលជាគូប្រជែងក្នុងតំបន់ បានធ្វើការវិនិយោគយ៉ាងច្រើនក្នុងគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ម៉ាល់ឌីវ ដើម្បីពង្រីកឥទ្ធិពល ៕