Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេជ្ជបណ្ឌិតជនជាតិជប៉ុនមួយរូបបាត់បង់ជីវិត ក្នុងការបាញ់ប្រហារនៅអាហ្វហ្គានីស្ថាន!

04-12-2019 17:05

(កាប៊ុល)៖ វេជ្ជបណ្ឌិតជប៉ុនមួយរូបដែលបម្រើការងារឲ្យ អង្គការវេជ្ជសាស្ត្រក្រៅរដ្ឋាភិបាលជប៉ុន មានឈ្មោះថា PJMS បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយ ទៅលើរថយន្តរបស់លោកនៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។

វេជ្ជបណ្ឌិតជប៉ុនដែលបានបាត់បង់ជីវិតមានឈ្មោះថា តេសស៊ូ ណាកាមួរ៉ា (Testsu Nakamura) គឺជាប្រធានអង្គការ PJMS (Japan Medical Services) ផ្ទាល់តែម្តង។ អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា រថយន្តរបស់លោក តេសស៊ូ ណាកាមួរ៉ា និងអ្នករួមដំណើរ ០៤នាក់ទៀតបានរងការបាញ់រះនៅទីក្រុងហ្សាឡាឡាបាដ (Jalalabad) នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើនរណាជាអ្នកប្រព្រឹត្តនោះឡើយ ខណៈក្រុមតាលីបង់គឺតែងតែបង្កការវាយប្រហាររបៀបនេះ។

គួរបញ្ជាក់ថា ក្រៅពីវេជ្ជបណ្ឌិត ណាកាមួរ៉ា អ្នករួមដំណើរជាមួយលោក និងប៉ូលិសអាហ្វហ្គានីស្ថានសរុបទាំងអស់ ០៥នាក់ផ្សេងទៀតក៏បានបាត់បង់ជីវិតផងដែរ។ អាជ្ញាធរអាហ្វហ្គានីស្ថានបានសន្យាស៊ើបអង្កេតលើរឿងនេះ ដើម្បីស្វែងរកក្រុមជនដៃដល់ដែលបានប្រព្រឹត្ត៕