Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុងនៅហ្វីលីពីនកើនដល់១៧នាក់ (Video inside)

04-12-2019 15:42

(ម៉ានីល)៖ គិតត្រឹមរសៀលថ្ងៃពុធនេះ មនុស្សយ៉ាងហោចចំនួន១៧នាក់ហើយបានបាត់បង់ជីវិត ដោយសារព្យុះទីហ្វុងកំណាចមួយ ដែល បានបោកបក់វាយប្រហារមកលើប្រទេសហ្វីលីពីនតាំងតែពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងចំណោមជនរងគ្រោះទាំង១៧នាក់ដែលបានស្លាប់ មាន៣នាក់នៅខេត្ត Camarines Sur, ២នាក់នៅខេត្ត Sorsogon, ៥នាក់នៅខេត្ត Oriental Mindoro, ២នាក់នៅខេត្ត Marinduque, ម្នាក់នៅខេត្ត Leyte, ម្នាក់នៅខេត្ត Batangas និង៣នាក់នៅខេត្ត Quezon។ របាយការណ៍ របស់អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា ជនរងគ្រោះទាំងនោះបានបាត់បង់ជីវិត ដោយសារលក់ទឹក ឆក់ចរន្តអគ្គិសនី ត្រូវដើមឈើរលំសង្កត់ រន្ទះបាញ់ និងគាំងបេះដូង ជាដើម។ ក្រៅពីនេះនៅមានមនុស្សយ៉ាងតិច១៨នាក់ទៀតរងរបួស និង២នាក់បាត់ខ្លួន។ ចំណែកលំនៅឋាន ប្រមាណ៣៨ខ្នង និងបណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនីជាច្រើនកន្លែង រួមជាមួយផ្លូវសរុប១៨កំណាត់ និងស្ពាន៣ខ្សែ នៅតាមតំបន់រងការវាយប្រហារ ក៏បានរងការបំផ្លិចបំផ្លាញផងដែរ។

គួរជម្រាបថា ព្យុះទីហ្វុង Kammuri ដែលដែលជាព្យុះទីហ្វុងទី២០នៅឆ្នាំនេះ ត្រូវប្រជាជនហ្វីលីពីនហៅថា ធីសូយ (Tisoy)។ វាកំពុងឆ្ពោះទៅ ភាគពាយ័ព្យសំដៅរក សមុទ្រចិនខាងត្បូង។ ការវាយប្រហាររបស់ព្យុះទីហ្វុងនេះកើតមានឡើងចំពេលដែល ហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (SEA Game) ដែលត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១១ ខែធ្នូ នៅទីក្រុងម៉ានីល។ ដោយសារតែវា ការកម្មវិធីប្រកួតមួយចំនួនត្រូវបានពន្យារពេលទៅប៉ុន្មានថ្ងៃខាងមុខវិញ ជាពិសេសកីឡាដែលត្រូវប្រកួតនៅលើផ្ទៃទឹក៕