(ញូដេលី)៖ សាជាថ្មីម្តងទៀត ឥណ្ឌាបានទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោង Prithvi-II ដែលផលិតក្នុងប្រទេសផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
យោធាឥណ្ឌាបានធ្វើតេស្តគ្រាប់មីស៊ីលខាងលើ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ នៅមូលដ្ឋានមួយកន្លែងក្នុងរដ្ឋ Odisha នាភាគខាងកើត។ មីស៊ីល Prithvi-II នេះ ត្រូវបានអភិវឌ្ឍន៍ឡើងកាលពីទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានឥណ្ឌាទុកប្រើប្រាស់ចាប់តាំងតែពីឆ្នាំ២០០៣មក។ មីស៊ីលផ្លោងនេះ អាចហោះបានចម្ងាយឆ្ងាយបំផុត៣៥០គីឡូម៉ែត្រ ព្រមទាំងបំពាក់ក្បាលគ្រាប់បែកធម្មតា ឬមួយក៏ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានទម្ងន់ចន្លោះពី៥០០គីឡូក្រាម រហូតដល់១,០០០គីឡូក្រាម។
គួរជម្រាបថា កំឡុងខែវិច្ឆិកាកន្លងទៅនេះ យោធាឥណ្ឌាក៏បានបាញ់តេស្តមីស៊ីល Prithvi-II ចំនួន២គ្រាប់ព្រមគ្នាផងដែរ នៅមូលដ្ឋាន ITR ដែលស្ថិតលើកោះ Dr. Abdul Kalam នៃឈូងសមុទ្រ Bengal ក្នុងរដ្ឋ Odisha។ ប៉ុន្មានថ្ងៃមុនពេលនោះ យោធាឥណ្ឌាបានបាញ់សាកល្បងមីស៊ីលផ្លោង-នុយក្លេអ៊ែរ ប្រភេទមួយផ្សេងទៀតគឺ Agni-II នៅឯមូលដ្ឋានដូចគ្នា។ មីស៊ីល Agni-II ជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដែលអាចហោះបានចម្ងាយឆ្ងាយបំផុត៣,៥០០គីឡូម៉ែត្រ៕