(ប៉េកាំង)៖ មន្រ្តីជាន់ខ្ពស់ផ្នែកនយោបាយនិងការទូតរបស់ចិនលោក Yang Jiechi បាននិយាយថា ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនត្រូវតែរួមគ្នាពង្រឹងការធ្វើទំនាក់ទំនងជាលក្ខណៈយុទ្ធសាស្រ្ត ហើយសហការដោយឈរលើការឯកភាពគ្នារវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ក្នុងឱកាសនៃការជួបទទួលពិភាក្សាជាមួយប្រភិតូ មកពីអង្គការក្រុមប្រឹក្សានយោបាយការបរទេសអាមេរិក (AFPC) នាថ្ងៃអង្គារសប្តាហ៍នេះ នៅឯរដ្ឋធានីប៉េកាំង លោក Yang ដែលជានាយកការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មយនិស្តចិន បានអំពាវនាវឲ្យចិននិងសហរដ្ឋអាមេរិក មានការគោរពគ្នាទៅវិញទៅមកលើប្រព័ន្ធនយោបាយ និងគន្លងផ្លូវអភិវឌ្ឍន៍របស់ភាគីម្ខាងៗ។ បន្ថែមពីនោះ លោក Yang បានជំរុញឲ្យមហាអំណាចទាំងពីរ បង្កើនការធ្វើទំនាក់ទំនងជាលក្ខណៈយុទ្ធសាស្រ្ត និងព្យាយាមដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានត្រឹម ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដែលនឹងប្រកបដោយការសម្របសម្រួល កិច្ចសហប្រតិបត្តិការ និងស្ថិរភាព។
គួរជម្រាបថា ជាមួយគ្នានោះដែរ លោក Yang Jiechi ក៏បានគូសបញ្ជាក់ជាដដែលនូវគោលជំហររបស់រដ្ឋាភិបាលចិន លើបញ្ហាសំខាន់ៗ រួមទាំងបញ្ហាដ៏តានតឹងនៅទីក្រុងហុងកុង។ ជាការឆ្លើយតប តំណាងប្រតិភូអង្គការ AFPC បានលើកឡើងថា ទំនាក់ទំនងអាមេរិក-ចិន ដែលមានឥទ្ធិពលធំធេងទៅលើពិភពលោក តម្រូវឲ្យមានការបន្តប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងកាន់តែល្អប្រសើរ រួមជាមួយការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយអង្គការនេះស្ម័គ្រក៏ដូចជារីករាយជានិច្ច ដើម្បីជួយដល់ការរក្សាក៏ដូចជាលើកស្ទួយទំនាក់ទំនងប្រទេសទាំងពីរ។ បញ្ហាចម្បងៗចំពោះទំនាក់ទំនាក់អាមេរិក-ចិន នាបច្ចុប្បន្ន រួមមានដូចជាបញ្ហាតៃវ៉ាន់ បញ្ហាហុងកុង និងជាពិសេសនោះគឺសង្រ្គាមពាណិជ្ជកម្មតែម្តង៕