(វ៉ាស៊ីនតោន៖ មានការបង្ហើបឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ធ្លាប់បានពិចារណាទាត់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន គឺ Huawei ចេញ ពីប្រព័ន្ធគ្រប់គ្រងសេវាហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក នាពេលកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ផែនការខាងលើចង់ស្នើឲ្យដាក់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ល្បីនៅលើពិភពលោក ទៅក្នុងបញ្ជីខ្មៅមួយហៅថាកាត់ថា «SDN (Specially Designated National) របស់ក្រសួងហិរញ្ញវត្ថុអាមេរិក។ ការកត់ឈ្មោះក្នុងបញ្ជីខ្មៅនេះ អាចធ្វើឲ្យក្រុមហ៊ុនមួយស្ទើរតែពុំមានឱកាសទាំងស្រុងតែម្តង ដើម្បីធ្វើការរកស៊ីដោយប្រើប្រាស់លុយដុល្លាររបស់អាមេរិក។ យ៉ាងណាមិញ ផែនការនេះ ត្រូវបានលុបចោលវិញ ដោយក្រុមហ៊ុន Huawei ត្រូវបានរដ្ឋាភិបាលអាមេរិកត់ឈ្មោះចូលត្រឹមក្នុងបញ្ជីខ្មៅពាណិជ្ជកម្មកាលពី ខែឧសភាកន្លងទៅ ដែលតម្រូវឲ្យក្រុមហ៊ុនអាមេរិកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណពិសេស ដើម្បីបន្តទំនាក់ទំនងអាជីវកម្មជាមួយ Huawei។
គួរជម្រាបថា ផែនការចង់ចាត់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជី SDN ត្រូវអ្នកវិភាគភាគច្រើនមើលឃើញថា នឹងបង្កការលំបាកកាន់តែ ច្រើនសម្រាប់រដ្ឋាភិបាលអាមេរិក។ មួយវិញទៀត វានឹងប៉ះពាល់ដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ដែលបានពឹងផ្អែកលើ ក្រុម ហ៊ុន Huawei សម្រាប់បណ្តាញប្រព័ន្ធ 4G របស់ពួកគេ ដ្បិតការទូទាត់ប្រាក់ក្នុងទម្រង់ជាលុយដុល្លារស្ទើរតែទាំងអស់ ត្រូវបានធ្វើឡើងតាម រយៈគ្រឹះស្ថានហិរញ្ញវត្ថុរបស់អាមេរិក។ អាមេរិកអាចផ្តល់អាជ្ញាប័ណ្ណលើកលែងដល់ធនាគារអាមេរិកទាំងឡាយដែលពាក់ព័ន្ធ ប៉ុន្តែការផ្តល់ ការលើកលែងច្រើនពេក អាចធ្វើឲ្យប្រសិទ្ធភាពនៃការកត់ឈ្មោះចូលបញ្ជីខ្មៅនោះចុះទន់ខ្សោយ៕