(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Jorge Arreaza បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការសម្រេចចិត្តរបស់ក្រុមប្រទេស នៃកតិកាសញ្ញា TIAR ឬកតិកាសញ្ញាទីក្រុង Rio ដែលហាមឃាត់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ និងមន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡាជាច្រើននាក់ ធ្វើដំណើរឆ្លងចូលព្រំដែននៃប្រទេស ជាសមាជិកកតិការសញ្ញានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Arreaza បានគូសបញ្ជាក់ដូច្នេះថា៖ «ទីក្រុង វ៉ាស៊ីនតោន និងប្រទេសរណបរបស់ពួកគេ មិនមានហេតុផល ឬលេសអ្វីទាល់តែសោះដើម្បីបង្កើតរឿងមួយនេះ ឡើង...តែខណៈដែលពួកគេកំពុងរងការឈឺចាប់ដោយសារវិបត្តិគ្មានសមត្ថភាពគ្រប់គ្រង និងបាតុកម្មតវ៉ារបស់ ប្រជាជនខ្លួនឯង ពួកគេបែរទៅជាបង្កើតបញ្ជីឈ្មោះគ្មានប្រយោជន៍វាយប្រហារលើពួកយើងទៅវិញ»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គាសប្ដាហ៍នេះ បណ្ដាប្រទេសកតិកាសញ្ញាទីក្រុង Rio ដែលបច្ចុប្បន្នមានប្រទេសជាហត្ថលេខី ចំនួន១៩ បានអនុម័តការរឹតត្បិតការធ្វើដំណើរថ្មីមួយប្រឆាំងមន្ត្រីជាន់ខ្ពស់វេណេស៊ុយអេឡា២៩រូប និងលោក ម៉ាឌូរ៉ូ និងភរិយា ព្រមទាំងលោក Jorge Arreaza, រដ្ឋមន្ត្រីការពារជាតិ លោក Vladimir Padrino, និងអនុប្រធានាធិបតី លោកស្រី Delcy Rodriguez។
កតិកាសញ្ញា TIAR ឬកតិកាសញ្ញាទីក្រុង Rio ត្រូវបានបង្កើតឡើងក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នៅឆ្នាំ១៩៤៧ ហើយប្រទេសបូលីវី អេក្វាឌ័រ នីការ៉ាហ្គ័រ (Nicaragua) និងវេណេស៊ុយអេឡាបានដកការចូលរួម របស់ពួកគេក្នុងកតិកាសញ្ញានេះកាលពីឆ្នាំ២០១២៕